ការនាំចេញទំនិញទៅកាន់ទីផ្សារពិភពលោក កាលពីឆ្នាំ២០២៣ មានតម្លៃសរុបចំនួន ២៣,៨ ទ្រីលានដុល្លារ ក្នុងនោះប្រទេសនាំចេញ ធំបំផុតចំនួន ៣០ បាននាំចេញទំនិញប្រមាណ ១៩,៧ ទ្រីលានដុល្លារ បានក្ដោបយកពាណិជ្ជកម្មពិភពលោកជាង ៨៣% បាត់ហើយទៅ។ ប្រទេសចិន ឈានមុខគេបង្អស់លើ ការនាំចេញទំនិញ ដែលសរុបជាទឹកប្រាក់ ៣,៣៨ ទ្រីលានដុល្លារ ខណៈសហរដ្ឋអាមេរិក នៅចំណាត់ថ្នាក់ទី២ នាំចេញបាន ២,០២ ទ្រីលានដុល្លារ និងអាល្លឺម៉ង់ នៅចំណាត់ថ្នាក់ទី៣ នាំចេញទំនិញសរុបជាទឹកប្រាក់ ១,៦៩ ទ្រីលានដុល្លារ។
ផលិតផល Made in China កំពុងប្រើប្រាស់យ៉ាង ទូលំទូលាយលើពិភពលោក ហើយចិននៅតែរក្សាតំណែងជា ប្រទេសនាំចេញធំបំផុតលើ ទីផ្សារពិភពលោក និងបាននាំចេញទំនិញ ស្មើនឹងទឹកប្រាក់ ៣,៣៨ ទ្រីលានដុល្លារ ដោយសារចិនជាប្រទេសមានច្រវាក់ផលិតកម្មធំ កម្លាំងពលកម្មតម្លៃសមរម្យ ធនធានមនុស្សច្រើន និងបច្ចេកវិទ្យាជឿនលឿនខ្លាំង។ ទំនិញដែលប្រទេសចិន នាំចេញចំបងកាលពីឆ្នាំ២០២៣ រួមមាន៖ គ្រឿងអេឡិចត្រូនិក (៨៩៦ ពាន់លានដុល្លារ), គ្រឿងម៉ាស៊ីន (៥១០ ពាន់លានដុល្លារ), យានយន្ដ ( ១៩២ ពាន់លានដុល្លារ), ផលិតផលប្លាស្ទិក (១៣១ ពាន់លានដុល្លារ), និងគ្រឿងសង្ហារឹម (១២១ ពាន់លានដុល្លារ)។
សហរដ្ឋអាមេរិក ជាប្រទេសនាំចេញធំបំផុតទី២ លើសកលោក ជាមហាអំណាចសេដ្ឋកិច្ច និងមានទីផ្សារនាំចេញ ផលិតផលយ៉ាងទូលំទូលាយ។ កាលពីឆ្នាំ២០២៣ សហរដ្ឋអាមេរិក បាននាំចេញផលិតផលសរុប ២,០២ ទ្រីលានដុល្លារ ដោយផលិតផលនាំចេញចំបង រួមមាន៖ រ៉ែប្រេងឧស្ម័ន (៣២៣ ពាន់លានដុល្លារ), គ្រឿងម៉ាស៊ីន (២៣៣ ពាន់លានដុល្លារ), គ្រឿងអេឡិចត្រូនិក (២០០ ពាន់លានដុល្លារ), និងយានយន្ដ (១៥២ ពាន់លានដុល្លារ)។
ដោយឡែក ចំពោះនៅអាស៊ីអាគ្នេយ៍យើងវិញ មានប្រទេសចំនួន ៥ ដែលស្ថិតនៅតារាងប្រទេសនាំចេញ ទំនិញច្រើនបំផុតទាំង ៣០ លើសកលលោក កាលពីឆ្នាំ២០២៣ ក្នុងនោះមានដូចជា៖
• ប្រទេសសិង្ហបុរី សម្រេចការនាំចេញបាន ៤៧៦ ពាន់លានដុល្លារ
• ប្រទេសវៀតណាម សម្រេចការនាំចេញបាន ៣៥៤ ពាន់លានដុល្លារ
• ប្រទេសម៉ាឡេស៊ី សម្រេចការនាំចេញបាន ៣១៣ ពាន់លានដុល្លារ
• ប្រទេសថៃ សម្រេចការនាំចេញបាន ២៨៥ ពាន់លានដុល្លារ
• ប្រទេសឥណ្ឌូនេស៊ី សម្រេចការនាំចេញបាន ២៥៩ ពាន់លានដុល្លារ
ប្រភព៖ Word Trade Organization