ទីក្រុងដែលមានទិដ្ឋភាពសំណង់អគារខ្ពស់ៗ ស្អាតបំផុតលើពិភពលោក!


សំណង់អគារខ្ពស់ មិនត្រឹមតែបង្ហាញនូវវឌ្ឍនភាព ការរីកឡើងនៃទំហំសេដ្ឋកិច្ច និងតម្លៃអចលនទ្រព្យ ក្នុងទីក្រុងនោះទេ ប៉ុន្តែក៏បានបង្កើតទិដ្ឋភាព យ៉ាងស្រស់ស្អាត នៅទីក្រុងនោះផងដែរ។ ជាក់ស្ដែងទីក្រុងឌូបៃ បានផ្លាស់ប្ដូរពីតំបន់វាលខ្សាច់ ក្លាយជាទីក្រុងទំនើបលំដាប់ពិភពលោក ត្រឹមតែរយៈពេល ២៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ចំណែកទីក្រុងហុងកុង ជាទីក្រុងអគារខ្ពស់ ច្រើនជាងគេបំផុតលើលោក ហើយក៏ជាទីក្រុងមាន អចលនទ្រព្យថ្លៃបំផុត លើពិភពលោកផងដែរ។ ភាពរីកចម្រើនទាំងអស់នេះ បានបង្កើតទៅជាទិដ្ឋភាព ទីក្រុងអគារខ្ពស់យ៉ាងអស្ចារ្យ ដូចនេះយើងនឹងមកស្គាល់ទីក្រុង ដែលមានទិដ្ឋភាពអគារខ្ពស់ៗ ស្រស់ស្អាតបំផុតទាំង ១០ ជុំវិញពិភពលោក។

១. សង្កាត់ មេនហាថាន់ ទីក្រុងញ៉ូវយ៉ក៖ គឺជាតំបន់ដែលមានអគារខ្ពស់ ស្រស់ស្អាតបំផុតលើសកលលោក ដែលគេហៅថា បណ្ដុំព្រៃក្រាស់នៃអគារខ្ពស់ៗ (concrete jungle) ជាទីក្រុងហិរញ្ញវត្ថុធំបំផុតមួយ លើពិភពលោក ហើយក៏បានបង្ហាញពី តម្លៃអចលនទ្រព្យក្នុងតំបន់នោះ មានតម្លៃថ្លៃផងដែរ។ សំណង់អគារដែលលេចធ្លោ នៅទីក្រុងនេះ មានដូចជា Empire State, Rockefeller Center, និងអគារពាណិជ្ជកម្មពិភពលោកជាដើម។

២. ទីក្រុងហុងកុង៖ ជាទីក្រុងមានសំណង់អគារខ្ពស់ៗជាង ៩ ពាន់អគារ ដោយក្នុងនោះអគារលើសពី ១០០ ម៉ែត្រមានជាង ៤ ពាន់អគារ និងអគារខ្ពស់ជាង ១៥០ ម៉ែត្រមានសរុប ៥៥៨ អគារ ជាចំនួនច្រើនជាងទីក្រុងផ្សេងៗទាំងអស់លើពិភពលោក។ Victoria Peak គឺជាតំបន់ឡើងទស្សនាទិដ្ឋភាព សំណង់អគារខ្ពស់ស្រស់ស្អាតបំផុត នៅទីក្រុងហុងកុង។

៣. ទីក្រុងឌូបៃ៖ ទោះបីជាឌូបៃ ទើបតែអភិវឌ្ឍន៍អគារខ្ពស់ ត្រឹមរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែទីក្រុងឌូបៃ មានអគារខ្ពស់ៗបំផុតលើសកលលោក តួយ៉ាងអគារ Burj Khalifa បានគ្រងដំណែងអគារខ្ពស់បំផុត ចាប់ពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន ហើយក៏ជាអត្តសញ្ញាណ និងជាសំណង់អគារលេចធ្លោបំផុត នៅទីក្រុងឌូបៃ និងនៅលើពិភពលោកទាំងមូល។

៤. ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី៖ កូឡាឡាំពួ ជាទីក្រុងមានសំណង់អគារខ្ពស់ ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ និងជាទីក្រុងអភិវឌ្ឍអគារខ្ពស់ៗ ដំបូងគេក្នុងតំបន់ ព្រមទាំងជាផ្ទះនៃសំណង់អគារខ្ពស់ៗបំផុត លើសកលោក ដូចជាអគារ Merdeka 118 ជាអគារខ្ពស់លំដាប់ទី២ លើពិភពលោកជាដើម។ អគារភ្លោះ Petronas Towers ធ្លាប់ជាអគារខ្ពស់បំផុតលើលោក និងជាអគារអត្តសញ្ញាណនៃទីក្រុងនេះ។

៥. ទីក្រុងជីកាកូ សហរដ្ឋអាមេរិច៖ ជាទីក្រុងអភិវឌ្ឍសំណង់អគារខ្ពស់ៗ មុនគេបង្អស់លើពិភពលោក ហើយភាគខាងលិចនៃទីក្រុងនេះ គឺជាតំបន់មានទិដ្ឋភាពអគារខ្ពស់ស្រស់ស្អាត ជាមួយនឹងអគារលេចធ្លោមួយចំនួនដូចជា Willis Tower, Vista Tower, Marina City, និង Trump Tower ជាដើម។

៦. ទីក្រុងសៀងហៃ ប្រទេសចិន៖ សៀងហៃ ស្ថិតនៅភាគឦសាន ជាទីក្រុងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធំបំផុតមួយ ប្រចាំប្រទេសចិន ទីក្រុងនេះ សម្បូរដោយសំណង់អគារខ្ពស់ៗ លាយបញ្ចូលជាមួយវប្បធម៌ចិន និងជាសំណង់អច្ឆរិយបង្ហាញពីអនាគតនៃទីក្រុង។ សំណង់អគារដែលលេចធ្លោ មានដូចជា អគារ Shanghai Tower កម្ពស់ជាង ៦៣២ ម៉ែត្រ, អគារ The Oriental Pearl Tower, អគារ Shanghai World Financial Center, និង Jin Mao Tower ដែលបង្កើតជាទិដ្ឋភាពអគារខ្ពស់ៗ ដ៏អស្ចារ្យក្នុងប្រទេសចិន។

៧. ទីក្រុងតូក្យូ ជប៉ុន៖ តូក្យូជាទីក្រុងមានមនុស្សរស់នៅ ច្រើនបំផុតលើពិភពលោក រហូតដល់ជាង ១៤ លាននាក់ និងជាទីក្រុងមានអចលនទ្រព្យ ថ្លៃបំផុតមួយលើពិភពលោក។ ទីក្រុងតូក្យូ មានសំណង់អគារខ្ពស់ៗ បែបជប៉ុន មិនព្យាយាមប្រកួតប្រជែង ជាមួយទីក្រុងដទៃឡើយ និងបង្កើតជាទិដ្ឋភាពទីក្រុងសម្បូរដោយ សំណង់អគារខ្ពស់ៗប្លែកពីគេ នៅលើពិភពលោក។ អគារខ្ពស់បំផុតនៅទីក្រុងតូក្យូ គឺប៉ម Tokyo Skytree ដែលមានកម្ពស់ ៦៣៤ ម៉ែត្រ សម្រាប់ឡើងទស្សនាទិដ្ឋភាពទីក្រុងទាំងមូល។

៨. ទីក្រុងសិង្ហបុរី៖ ទោះបីជាទីក្រុងតូច និងមិនមានអគារខ្ពស់ ច្រើនដូចទីក្រុងដទៃ ប៉ុន្តែតំបន់ហិរញ្ញវត្ថុ នៅប្រទេសសិង្ហបុរី បង្ហាញនូវទិដ្ឋភាពអគារខ្ពស់ៗ យ៉ាងស្រស់ស្អាត ជាពិសេសនៅពេលថ្ងៃលិច តំបន់ Central Area បញ្ចេញពន្លឺភ្លើងពណ៌ ល្អបំផុតសម្រាប់ ភ្ញៀវទេសចរមកទស្សនា និងផ្ដិតយករូបភាព។ សំណង់ដែលលេចធ្លោបំផុត នៅប្រទេសសិង្ហបុរី គឺអគារ Marina Bay Sands មានអគារចំនួន ៣ តភ្ជាប់ដោយទូកនៅខាងលើ។

៩. ទីក្រុងតូរុនតូ ប្រទេសកាណាដា៖ ជាទីក្រុងមានមនុស្សរស់នៅ ច្រើនបំផុត ក្នុងប្រទេសកាណាដា ទីក្រុងតូរុនតូ បង្ហាញទិដ្ឋភាពយ៉ាងស្រស់ស្អាត ពីតំបន់មាត់ទឹក (Harbour) ហើយអគារខ្ពស់ជាងគេគឺប៉ម CN Tower កម្ពស់ ៥៥៣ ម៉ែត្រ ដែលអាចឡើងមើលទិដ្ឋភាព ទីក្រុងទាំងមូល។

១០. ទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិច៖ ស្ថិតនៅចុងភាគពាយ័ព្យ នៃសហរដ្ឋអាមេរិច ទីក្រុងស៊ីអាថុល ត្រូវបានគេចាត់ទុកជាតំបន់ទីក្រុង មានអគារខ្ពស់ស្រស់ស្អាតបំផុត នៅឆ្នេរខាងលិច (west coast) អមទៅដោយសណ្ឋានដី និងអកាសធាតុនៃភាគខាងជើង ទ្វីបអាមេរិច ទើបទីក្រុងនេះត្រូវគេដាក់ឈ្មោះថា  Emerald City។ សំណង់ដែលលេចធ្លោ ទៅក្រុងស៊ីអាថុល មានដូចជា ប៉ម Space Needle, អគារ Columbia Center ជាសំណង់ខ្ពស់ជាងគេ ២៨៤ ម៉ែត្រ, អគារ Rainier Square, អគារ 1201 Thrid Avenue Tower, និងអគារ Two Union Square ជាដើម។

 

ប្រភព៖ Architectural Digest