ទីក្រុងឌូបៃ កំពុងសាងសង់អគារ Burj Azizi មានកម្ពស់ ៧២៥ ម៉ែត្រ


ទីក្រុងឌូបៃ គឺជាផ្ទះនៃសំណង់អគារខ្ពស់បំផុត លើលោក Burj Khalifa មានកម្ពស់ដល់ ៨២៨ ម៉ែត្រ ហើយពេលនេះកំពុងសាងសង់ អគារថ្មីមួយទៀតឈ្មោះ Burj Azizi មានកម្ពស់ ៧២៥ ម៉ែត្រ ដែលនឹងក្លាយទៅជា អគារខ្ពស់បំផុតទី២ លើពិភពលោក នៅត្រឹមឆ្នាំ ២០២៨ ជំនួសតំណែងអគារ Merdeka 118 នៅទីក្រុងកូឡាឡាំពួ ហើយសំណង់អគារនេះ នឹងត្រៀមបំបែកកំណត់ត្រាជាច្រើនផងដែរ។

អគារ Burj Azizi ត្រូវបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២៤ ដោយគម្រោងដំបូងគេ អនុញ្ញាតិអោយសាងសង់ត្រឹម ៥២៦ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលការអនុញ្ញាតិ ពីអាជ្ញាធរអាកាសចរស៊ីវិល នៃទីក្រុងឌូបៃ បើកអោយគម្រោងនេះ សាងសង់អគារមានដល់កម្ពស់ ៧២៥ ម៉ែត្រ នឹងត្រៀមក្លាយជា អគារខ្ពស់ជាងគេទី២ លើពិភពលោក នៅពេលបញ្ចប់ត្រឹមឆ្នាំ២០២៨។ គម្រោងនេះ បានវិនិយោគដោយក្រុមហ៊ុន Azizi Development ព្យាករណ៍ថា នឹងចំណាយថវិកាសាងសង់ប្រមាណ ១,៧ ពាន់លានដុល្លារ គឺជាសំណង់អគារខ្ពស់ បម្រើពហុបំណង ដែលរួមមាន អគារសម្រាប់ Shopping mall ចំនួន ៧ ជាន់, អាផាតមិនកម្រិតខ្ពស់ នៅជាន់ទី ១៣១, និងសណ្ឋាគារ កម្រិតផ្កាយ ៧ ខ្ពស់បំផុតលើលោក។

អគារ Burj Azizi ក៏នឹងត្រៀមបំបែកកំណត់ត្រាពិភពលោក មួយចំនួនដូចជា៖ អគារមាន Hotel Room និង Lobby សណ្ឋាគារផ្កាយ ៧ ខ្ពស់បំផុតលើលោក នៅជាន់ទី១១៨, មានភោជនីយដ្ឋានខ្ពស់បំផុត ក្នុងទីក្រុងឌូបៃ ជាន់ទី១២២ ដែលខ្ពស់ជាងភោជនីយដ្ឋាន At.mosphere នៅអគារ Burj Khalifa, មានក្លឹបរាត្រី ខ្ពស់បំផុតលើលោក (ជាន់ទី១២៦), និងកន្លែងមើលទេសភាព ខ្ពស់បំផុតលើលោក (ជាន់ទី១៣០)។

លោក Mirwais Azizi ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Azizi Development បង្ហាញថា ការវិនិយោគលើសំណង់អគារ Burj Azizi ត្រូវចំណាយថវិកាយ៉ាងតិច ១,៦ ពាន់លានដុល្លារ ដោយលោកមាន គោលបំណងបង្កើតសំណង់អច្ឆរិយមួយ នៅលើមហាវិថី Sheikh Zayed និងក្នុងតំបន់ពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងឌូបៃ ដោយនេះគឺជា អគារខ្ពស់បំផុតនៅក្នុងតំបន់ និងបម្រើការកម្សាន្ដកម្រិត ខ្ពស់បំផុតសម្រាប់អ្នកមានលុយ ជាក់ស្ដែងអគារ Burj Azizi ជាផ្ទះនៃសណ្ឋាគារកម្រិតខ្ពស់បំផុត ទីតាំងមើលទេសភាពខ្ពស់បំផុត ក្លឹបរាត្រីខ្ពស់បំផុត អាផាតមិនខ្ពស់បំផុតលើពិភពលោក និងភោជនីយដ្ឋានខ្ពស់បំផុត នៅទីក្រុងឌូបៃ។

 

ប្រភព៖ CNN Style