ផ្សារធំថ្មី ដែលប្រជាពលរដ្ឋខ្មែរនិយមហៅថា ផ្សារថ្មី មិនត្រឹមតែជាទីតាំង លក់ទំនិញធំបំផុតមួយ នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងជាស្ថាបត្យកម្ម សំណង់អត្តសញ្ញាណមួយ (Historical Landmark) នៃរាជធានីភ្នំពេញ ដែលមានអាយុកាលជិត ៩០ ឆ្នាំមកហើយ ធ្លាប់ជាផ្សារធំបំផុតនៅអាស៊ី និងនៅតែបន្ដប្រើប្រាស់ មកដល់សព្វថ្ងៃនេះ។
ផ្សារធំថ្មី មានស្ថាបត្យកម្មប្លែកពីផ្សារផ្សេងៗទៀត នៅរាជធានីភ្នំពេញ និងនៅប្រទេសកម្ពុជាទាំងមូល ដោយសំណង់នេះ ត្រូវបានរចនាប្លង់ដោយស្ថាបត្យករបារាំង ឈ្មោះ Jean Desbois ដឹកនាំសាងសង់ដោយ ស្ថាបត្យករបារាំង Louis Chauchon និងវិស្វករ Wladimir Kandaouroff ក្នុងសម័យអាណានិគមបារាំង។ សំណង់នេះ ត្រូវបានរចនាជាប៉ម និងមានដៃចំនួន ៤ ជ្រុង ដោយដំបូលរបស់ផ្សារ មានប្រឡោះសម្រាប់ លំហូរខ្យល់ចេញចូល និងប៉មមានកម្ពស់ ២៦ ម៉ែត្រ និងមាននាឡិកាមួយ នៅចំកណ្ដាលផ្សារ។
សំណង់ផ្សារធំថ្មី ត្រូវបានទេសាភិបាលបាំរាំង ជ្រើសរើសយកនៅតំបន់ ប្រជុំជនជនជាតិចិននៅកម្ពុជា ឬហៅថា Chinatown នៅសម័យនោះ ដោយសារទីតាំងនេះ មានកំណើនប្រជាជនខ្ពស់ប្រមាណ ៩ ម៉ឺននាក់ និងត្រូវការមជ្ឈមណ្ឌលដោះដូរទំនិញធំមួយ ក្នុងតំបន់។ ផ្សារធំថ្មី បានចាប់ផ្ដើមអំឡុងខែសីហា ឆ្នាំ១៩៣៥ និងសម្ពោធបើកប្រើប្រាស់ នៅខែកញ្ញា ឆ្នាំ១៩៣៧ ក្រោមស្នាព្រះហស្ថ ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស បន្ទាប់ពីបានប្រើរយៈពេល ២២ ខែដើម្បីសាងសង់។ ក្រោយសម្ពោធប្រើប្រាស់ ផ្សារធំថ្មី បានក្លាយទៅជាផ្សារធំជាងគេ នៅតំបន់អាស៊ី នៅពេលនោះ ហើយនៅតែប្រើប្រាស់មកទល់បច្ចុប្បន្ន។
នៅចន្លោះពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១១ ផ្សារធំថ្មី ត្រូវបានកែលម្អឡើងវិញ ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (French Development Agency) ដោយចំណាយថវិកា ៤,២ លានដុល្លារ ដើម្បីទ្រទ្រង់គ្រឹះ និងលាបពណ៌ថ្នាំឡើងវិញ ព្រមទាំងបន្ថែមតូបលក់ទំនិញ នៅជ្រុងទាំង ៤ នៃផ្សារធំថ្មី។
ប្រភព៖ CPR