ការធ្វើដំណើរតាមផ្លូវអាកាស កំពុងរីកចម្រើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ មិនថាការធ្វើដំណើរក្នុងស្រុក និងការធ្វើដំណើរអន្តរជាតិឡើយ ដោយសារតែមាន ជើងហោះហើរច្រើនឡើង តម្លៃកាន់តែចុះទាប ចំនួនប្រជាជនកើនឡើងខ្ពស់ ការធ្វើដំណើរចំណេញពេលវេលា និងការកើនឡើងនៃ ចំណូលពលរដ្ឋក្នុងតំបន់ផងដែរ។ ថ្ងៃនេះ យើងនឹងស្គាល់ ក្រុមហ៊ុនអាកាសចរណ៍ចំណាស់បំផុត រហូតដល់ក្រុមហ៊ុនអាកាសចរណ៍ ថ្មីចុងក្រោយបំផុតនៅអាស៊ីអាគ្នេយ៍។
១. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air
Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍ថ្មីជាងគេ នៅក្នុងតំបន់ ត្រូវបានបើកប្រតិបត្តិការហោះហើរដំបូង នៅឆ្នាំ២០០៩ មានទីស្នាក់ការនៅរាជធានីភ្នំពេញ ដោយមានយន្ដហោះចំនួន ៥ គ្រឿង រួមមានយន្ដហោះប្រភេទ Airbus A320, Airbus A321 និង ATR 72 ផងដែរ បម្រើការហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ។
២. ក្រុមហ៊ុន Lao Airlines
ជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសឡាវ បានបើកដំណើរការពីឆ្នាំ ១៩៧៦ ដែលជាការបញ្ចូលគ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ Royal Air Lao និងក្រុមហ៊ុន Lao Airlines ដោយផ្ដើមដំបូង ក្នុងការហោះហើរយន្ដហោះ Douglas DC-3 និង DCS-4 សម្រាប់ការហោះហើរក្នុងស្រុក និងអន្តរជាតិ។
៣. ក្រុមហ៊ុន Royal Brunei Airlines
ត្រូវបានប្រតិបត្តិការហោះហើរ ចាប់ពីឆ្នាំ ១៩៧៤ ក្រុមហ៊ុនអាកាសចរណ៍ Royal Brunei Airlines ត្រូវបានគ្រប់គ្រងដោយ រាជរដ្ឋាភិបាលប្រ៊ុយណេ ដោយផ្ដើមពីការហោះហើរ តភ្ជាប់រវាងទីក្រុង Bandar Seri Begawan ទៅកាន់ទីក្រុងសិង្ហបុរី។
៤. ក្រុមហ៊ុន Singapore Airlines
ត្រូវបានប្រតិបត្តិការហោះហើរ នៅឆ្នាំ ១៩៧២ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ត្រូវបានផ្ដាច់ខ្លួនចេញពី Malaysia Singapore Airlines ក្លាយជាក្រុមហ៊ុន Singapore Airlines និង Malaysia Airlines ដោយឡែកពីគ្នា និងផ្ដើមដំបូងពី ការហោះហើរយន្ដហោះប្រភេទ Airbus A300 ហោះហើររវាង ទីក្រុងសិង្ហបុរី ទៅកាន់កូឡាឡាំពួ និងហ្សាកាតា។
៥. ក្រុមហ៊ុន Thai Airways
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានគ្រប់គ្រងដោយ ព្រះរាជាណាចក្រថៃ សម្រាប់ហោះហើរក្នុងប្រទេស ក្នុងតំបន់ និងហោះហើរឆ្លងទ្វីប មានមូលដ្ឋាននៅទីក្រុងបាងកក បានបើកដំណើរការចាប់ពីឆ្នាំ ១៩៦០ ជាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនធំៗពីរ គឺ Thai Airways Company និង Scandinavian Airlines System។
៦. ក្រុមហ៊ុន Vietnam Airlines
Vietnam Airlines ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៥ គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូង របស់ប្រទេសវៀតណាម ដោយផ្ដើមចេញពីការប្រតិបត្តិការ ហោះហើរយន្ដហោះស្លាប ៥ ដូចជា the il 14, AN 2, និង Aero 45 ជាដើម សម្រាប់អាកាសយានដ្ឋានក្នុងស្រុក។
៧. ក្រុមហ៊ុន Myanmar Airways
ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៨ ប្រតិបត្តិការ ៧៦ ឆ្នាំមកហើយ ក្រុមហ៊ុនអាកាសចរណ៍ Myanmar Airways មានឈ្មោះដើមថា Union of Burma Airways (UBA) ប៉ុន្តែត្រូវបានប្ដូរឈ្មោះជា Myanmar Airways វិញនៅឆ្នាំ ១៩៨៩ ក្រោយពីប្រទេសភូមា បានប្ដូរឈ្មោះជាប្រទេសមីយ៉ាន់ម៉ា។
៨. ក្រុមហ៊ុន Garuda Indonesia
ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia គឺជាក្រុមហ៊ុនរដ្ឋ ដែលមានប្រតិបត្តិការ យន្ដហោះចំនួន ៣៨ គ្រឿង ដូចជា 22DC-3s, 8 Catalinas, និង 8 Convair 240s ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បានពង្រីកចំនួនយន្ដហោះរហូតដល់ ២១០ គ្រឿង ដែលហោះហើរជុំវិញពិភពលោក។
៩. ក្រុមហ៊ុន Malaysia Airlines
ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ ១៩៤៧ មានឈ្មោះដើមថា Malayan Airways Limited ហើយបានក្លាយ ទៅជាក្រុមហ៊ុន Malaysia Singapore Airlines នៅឆ្នាំ ១៩៦៦ និងក្លាយទៅជា Malaysia Airlines ចាប់ពីឆ្នាំ ១៩៧២ មកជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយ នៅប្រទេសម៉ាឡេស៊ី និងចំណាស់បំផុតមួយ នៅអាស៊ីអាគ្នេយ៍។
១០. ក្រុមហ៊ុន Philippine Airlines
ជាក្រុមហ៊ុនអាកាសចរណ៍ចំណាស់បំផុត នៅអាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន Philippine Airlines បានបង្កើតឡើងដំបូង ក្រោមឈ្មោះថា Philippine Aerial Taxi នៅឆ្នាំ ១៩៣៩ និងប្រែក្លាយទៅជា ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines នៅឆ្នាំ១៩៤១ ហើយនៅតែបន្ដ ការហោះហើរមកដល់បច្ចុប្បន្ន ដែលមានអាយុកាលជាង ៨៣ ឆ្នាំ។
ប្រភព៖ seasia.co