កោះកេរ ជាតំបន់ប្រាសាទស្ថិតនៅ តំបន់ឆ្ងាយពីក្រុងអង្គរ ប៉ុន្តែស្ថិតនៅក្នុងតារាងគោលដៅទេសចរណ៍ គួរតែទៅទស្សនាប្រចាំឆ្នាំ២០២៥ របស់ទស្សនាវដ្ដី Fodor Travel របស់សហរដ្ឋអាមេរិក ហើយក៏ជាគោលដៅតែមួយគត់ នៅអាស៊ីអាគ្នេយ៍ ដែលទស្សនាវដ្ដីខាងលើបានណែនាំ។
ទស្សនាវដ្ដី Fodor Travel បានលើបានបញ្ជាក់ថា ប្រសិនបើអ្នកចង់ទស្សនា សំណង់ប្រាសាទអច្ឆរិយៈ ដែលទើបចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO ប៉ុន្តែមិនចង់ទស្សនាកន្លែង ដែលមានមនុស្សច្រើនកកកុញ ឬដូចអ្នកដទៃទេនោះ តំបន់ប្រាសាទកោះកេរ គឺជាគោលដៅ ដែលគួរតែទៅសម្រាប់ឆ្នាំ២០២៥។ នៅតំបន់កោះកេរ មានសំណង់ប្រាសាទ និងទីទួលបុរាណសរុប ៩៨ មានរចនាបថប្លែកពី រចនាបថប្រាសាទដទៃទៀត ក្នុងអាណាចក្រខ្មែរ និងត្រូវបានកសាងឡើង អំឡុងសតវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ស្ថិតនៅអតីតរាជធានីឆោកគគ៌្យរ ឬលិង្គបុរៈ ហើយរចនាបថនេះ បានសាយភាយមកដល់ សំណង់ប្រាសាទក្រោយៗទៀត ដែលគេសម្គាល់ថាជា រចនាបថកោះកេរ។
ស្ថិតនៅខេត្តព្រះវិហារ មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ពីរាជធានីអង្គរ តំបន់ប្រាសាទកោះកេរ ត្រូវបានអភិរក្សទុកនៅក្នុងទំហំផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ និងត្រូវបានចុះបញ្ជី ក្នុងសម្បត្តិបេតកភណ្ឌពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលរាជធានីឆោកគគ៌្យរ ត្រូវបានព្រះមហាក្សត្រគ្រងរាជ្យ ត្រឹមតែរយៈពេល ២៣ ឆ្នាំប៉ុណ្ណោះ (គ.ស ៩២៨-៩៤៤) ប៉ុន្តែបានបន្សល់ទុកនូវ សំណង់ប្រាសាទជាច្រើន បួករួមទាំងចម្លាក់សិល្បៈ សិលាចារឹក គំនូរលើជញ្ជាំង និងស្នាដៃសំណង់បុរាណជាច្រើនទៀត។
សំណង់ប្រាសាទដែលលេចធ្លោបំផុត នៅរមណីយដ្ឋានកោះកេរ គឺប្រាសាទធំ ជាប្រាសាទមានទម្រង់សាជី ឬពីរ៉ាមីត មានប្រវែង ៥៥ ម៉ែត្រការ៉េ ត្រូវបានកសាងចេញជា ៧ ថ្នាក់ និងមានកម្ពស់ ៣០ ម៉ែត្រ ដោយនៅកំពូលប្រាសាទ មានតម្កល់លិង្គត្រីភូវនេស្វរ ដែលត្រូវបានគេប្រសិទ្ធនាម ទីក្រុងនោះថា រាជធានីលិង្គបុរៈ។
សូមបញ្ជាក់ថា រមណីយដ្ឋានកោះកេរ គឺជាគោលដៅទេសចរណ៍តែមួយគត់ នៅអាស៊ីអាគ្នេយ៍ ដែលបានណែនាំដោយ ទស្សនាវដ្ដីទេសចរណ៍អាមេរិច Fodor Travel ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ទាំង ២៥ លើសកលោក។
ចំណែកនៅតំបន់អាស៊ីទាំងមូល គឺមានតែ ៣ គោលដៅប៉ុណ្ណោះ ត្រូវបានគេណែនាំ មានដូចជា រមណីយដ្ឋានកោះកេរ ប្រទេសកម្ពុជា, ទឹកធ្លាក់ធំបំផុត Meghalaya ប្រទេសឥណ្ឌា, និងទីក្រុងបុរាណ Nikko City ប្រទេសជប៉ុន។
ប្រភព៖ VN Express