ជណ្តើរឡើងចុះរួតបាកានថ្មី នៅជ្រុងអាគ្នេយ៍ ដែលមានភាពរឹងមាំជាងមុន ត្រូវបានដាក់ដំណើរការជាផ្លូវការ ដើម្បីសម្រួលនិងបង្កើននូវសុវត្ថិភាព ដល់ភ្ញៀវទេសចរ មកទស្សនាប្រាសាទអង្គរវត្ត!


សៀមរាប៖ យោងតាមព័ត៌មានដែលទទួលបាន ដោយអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧វិច្ឆិកានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំ ដាក់ឱ្យដំណើរការជណ្ដើរ ជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ ការឡើងចុះរបស់ភ្ញៀវទេសចរ។

ក្នុងនោះដែរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ទេស សុធីរ បានឱ្យដឹងថា ការងាររៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ ការឡើងចុះរបស់ ភ្ញៀវទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ន នៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។

គួរឲ្យដឹងផងថា ជណ្ដើរថ្មីនេះមានប្រវែង១៥ម៉ែត្រ និងទទឹង២,២៥ម៉ែត្រ ដែលបានចំណាយពេលសាងសង់ អស់រយៈពេល ៣ខែ។

បើតាមការបញ្ជាក់ពីលោក ទេស សុធីរ ការសាងសង់គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះ បានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍រូបនេះ ក៏សំណូមពរឱ្យភ្ញៀវទេសចរ ឡើងចុះនៅរួតបាកាន ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព។

គួរបញ្ជាក់ឲ្យច្បាស់ថា ជណ្ដើរចាស់ដែលនៅ ជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែល អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន។

ប្រភព៖ អាជ្ញាធរជាតិអប្សរា