Etihad ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយ នៅប្រទេសអេមីរ៉ាត អារ៉ាប់រួម បានបង្ហាញផែនការ តភ្ជាប់ជើងហោះហើរមកកាន់ ទីក្រុងសំខាន់ៗនៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិក នៅឆ្នាំ២០២៥ ចំនួន ១០ គោលដៅ ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ ដោយការតភ្ជាប់នេះ មានគោលបំណងបម្រើ ការធ្វើដំណើររវាងរាជធានីអាប៊ូដាប៊ី ទៅកាន់ពិភពលោក និងអាចទាក់ទាញភ្ញៀវទេសចរ មកកាន់ប្រទេសរបស់ខ្លួន និងការផ្លាស់ប្ដូរទេសចរ។
គោលដៅទាំង ១០ ដែលក្រុមហ៊ុន Etihad នឹងធ្វើការហោះហើរផ្ទាល់ (direct flight) នៅឆ្នាំ២០២៥ មានដូចជា៖
១. ទីក្រុងអេតលែនតា សហរដ្ឋអាមេរិច ៤ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥
២. ទីក្រុងតៃប៉ិ តៃវ៉ាន់ ៧ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥
៣. ទីក្រុងមេដាន ឥណ្ឌូនេស៊ី ៣ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥
៤. ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ៥ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥
៥. ទីក្រុងក្រាប៊ី ប្រទេសថៃ ៧ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥
៦. ទីក្រុងតូនីស តូនេស៊ីអា ៣ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២៥
៧. ទីក្រុងឈៀងម៉ៃ ប្រទេសថៃ ៤ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥
៨. ទីក្រុងហុងកុង ប្រទេសចិន ៥ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥
៩. ទីក្រុងហាណូយ វៀតណាម ៦ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥
១០. ទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី ៤ ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥
ការតភ្ជាប់ជើងហោះហើរ Direct flight បន្ថែមជាមួយបណ្ដាប្រទេសនៅអាស៊ី អាមេរិច និងអាហ្វ្រិក ចំនួន ១០ គោលដៅបន្ថែម ក្រុមហ៊ុន Etihad បានពង្រីកគោលដៅហោះហើរ របស់ខ្លួនបន្ថែម រហូតដល់ ៩០ គោលដៅ និងមានចំនួនសរុប ៥០ ប្រទេស ត្រឹមឆ្នាំ២០២៥ ដោយរំពឹងថា នឹងអាចទទួលបានអ្នកដំណើរដល់ ២០ លាននាក់ក្នុងមួយឆ្នាំ។
Etihad ជាក្រុមហ៊ុនអាកាសចរណ៍ ដ៏ធំបំផុតមួយនៅមជ្ឈឹមបូព៌ា ដែលមានយន្ដហោះសរុប ១១០ គ្រឿងមានមូលដ្ឋាន នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងបម្រើការហោះហើរ ជុំវិញពិភពលោក ហើយការតភ្ជាប់ជើងហោះហើរផ្ទាល់បន្ថែម រំពឹងអាចលើកកម្ពស់ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ការផ្លាស់ប្ដូរវប្បធម៌មជ្ឈឹមបូព៌ា ជាមួយពិភពលោក និងផ្ដល់បទពិសោធន៍ ហោះហើរយ៉ាងអស្ចារ្យមកកាន់ ទីក្រុងអាប៊ូដាប៊ី ជាទីក្រុងទំនើប បណ្ដុំពាណិជ្ជកម្មចម្រុះ វប្បធម៌រីកសាយ ទេសភាពស្រស់ស្អាត និងសំណង់អច្ឆរិយៈជាច្រើន បាននិងកំពុងសាងសង់ លើទីក្រុងវាលខ្សាច់នៃឈូងសមុទ្រពែរ្សនេះ។
សូមបញ្ជាក់ផងដែរថា នៅពាក់កណ្ដាលឆ្នាំ២០២៥ កម្ពុជាគ្រោងនឹងសម្ពោធ ដំណើរការអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ដូចនេះ យន្ដហោះខ្នាតធំរបស់ Etihad នឹងអាចមកចុះចត ឬហោះហើរបាន ហើយក៏រំពឹងទទួលបានការតភ្ជាប់ជើងហោះហើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ធំៗ ដទៃទៀត ជុំវិញពិភពលោក។
ប្រភព៖ Time Out