ទីក្រុងចំណាស់នីមួយៗមានរឿងជាច្រើន ដែលបានឆ្លងកាត់ក្នុងប្រវត្តិសាស្ត្រ ដោយទីក្រុងខ្លះត្រូវបានបោះបង់ចោល បាត់ទៅហើយ ចំណែកទីក្រុងខ្លះទៀត នៅបន្ដអភិវឌ្ឍទៅជាទីក្រុងទំនើប មានមនុស្សរស់នៅច្រើន និងជាទីក្រុងសំខាន់ដល់បច្ចុប្បន្ន។ ទីក្រុងខ្លះទៀត បានលាយបញ្ចូលគ្នារវាងតំបន់ប្រវត្តិសាស្ត្របុរាណ ជាមួយនឹងសំណង់ទំនើប បង្កើតជាអត្តសញ្ញាណនៃទីក្រុងមួយ។ ខាងក្រោមជាទីក្រុងទាំង ១០ ដែលមានអាយុកាលចំណាស់បំផុត នៅអាស៊ីអាគ្នេយ៍៖
១. ទីក្រុងហាណូយ ប្រទេសវៀតណាម
ទីក្រុងហាណូយ មានអាយុកាល ១៥៦៦ ឆ្នាំ បានក្លាយទៅជារាជធានីរបស់វៀតណាម តាំងពីគ.ស ៤៥៤ ទោះបីជាទីក្រុងនេះ បានឆ្លងកាត់នឹមអាណានិគមជាច្រើនដង ប៉ុន្តែនៅតែរក្សាអត្តសញ្ញាណ ជាទីក្រុងវៀតណាម ដោយលាយបញ្ចូលគ្នានូវសំណង់វប្បធម៌វៀតណាមបុរាណ សំណង់អាណានិគមបារាំង និងសំណង់វៀតណាមសម័យទំនើប ហើយក៏ជាទីក្រុងមានមនុស្សរស់នៅ ច្រើនបំផុតមួយក្នុងតំបន់ ជាមួយនឹងការអភិវឌ្ឍលឿនរហ័សផងដែរ។
២. ទីក្រុង Palembang ប្រទេសឥណ្ឌូនេស៊ី
ទីក្រុង Palembang មានអាយុកាល ១៣៣៧ ឆ្នាំ ធ្លាប់ជារាជធានីមួយ ក្នុងអាណាចក្រស្រីវិជ័យ ស្ថិតនៅជ្រោយម៉ាឡាយូ (កោះស៊ូមាត្រា បច្ចុប្បន្ន) ទីក្រុងនេះធ្លាប់ជា រាជធានីអំណាចនយោបាយ នៃអាណាចក្រស្រីវិជ័យ ចាប់ពីគ.ស ៦៨៣ និងមានទំនាក់ទំនង ជិតស្និទ្ធ ទៅនឹងអាណាចក្រហ្វូណន។ ទោះបីជា ធ្លាប់មានការចុះខ្សោយ និងឈ្លានពានដោយបរទេសក្ដី ទីក្រុង Palembang នៅតែបន្ដមានមនុស្សរស់នៅច្រើន បច្ចុប្បន្ន គឺជាតំបន់ពាំណិជ្ជកម្មកៅស៊ូដ៏ធំមួយ តាមដងទន្លេ Musi River។
៣. ទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ
ស្ថិតនៅភាគខាងជើងប្រទេសឡាវ ក្រុងហ្លួងព្រះបាង បានក្លាយជារាជធានីរបស់ឡាវ ចាប់គ.ស ៦៩៨ មានអាយុកាល ១៣២២ ឆ្នាំ។ ទីក្រុងនេះ ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ជាតំបន់បេតកភណ្ឌពិភពលោក ដោយអភិរក្សទុកនូវសំណង់បេតិកភណ្ឌសាសនា វប្បធម៌ឡាវ បូករួមទាំងសំណង់ក្នុងសម័យអាណានិគម ទាំងទីក្រុងនិងជនបទ បានក្លាយទៅជាអត្តសញ្ញាណពិសេសមួយ របស់ទីក្រុងហ្លួងព្រះបាង។
៤. ទីក្រុងសៀមរាប ប្រទេសកម្ពុជា
មានអាយុកាល ១២១៩ ឆ្នាំ សៀមរាប បានក្លាយទៅជារាជធានី នៃអាណាចក្រខ្មែរ ចន្លោះពីសតវត្សទី៩ (គ.ស ៨០១) រហូតដល់សតវត្សទី១៥ ដែលយើងតែស្គាល់ថា រាជធានីអង្គរ។ ទោះបីមិនស្ថិតជារាជធានី នៃប្រទេសកម្ពុជា ក្រុងសៀមរាបនៅតែជាទីក្រុងធំទី២ និងគោលដៅទេសចរណ៍សំខាន់បំផុត ក្នុងប្រទេសកម្ពុជា ដោយសារតែវប្បធម៌ អារិយធម៌ សិល្បៈ សាសនា និងស្ថាបត្យកម្មសំណង់ដ៏រុងរឿង បានបង្ហាញលើ សំណង់ប្រាសាទធំៗជាច្រើន បន្សល់ទុកជាភស្ដុតាង មកដល់បច្ចុប្បន្ន។
៥. ក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា
មានអាយុកាល ១១៧១ ឆ្នាំ ស្ថិតនៅតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន ទីក្រុងនេះធ្លាប់ជារាជធានីនៃ រាជាណាចក្របាកាន ចាប់ពីឆ្នាំ៨៤៩ ដែលជារាជាណាចក្រដំបូងបង្អស់ ក្នុងប្រទេសភូមា។ ចន្លោះពីគ.ស ១០៤៤ រហូតដល់ ១២៩៧ ចក្រភពបាកាន បានសាងសង់សំណង់ វិមានសាសនា សរុបចំនួនជិត ១ ម៉ឺនប្រាសាទ បច្ចុប្បន្នតំបន់ក្លាយទៅជា ទិសដៅទេសចរណ៍ដ៏ពិសេសមួយ ដែលមានព្រះវិហារ វត្តព្រះពុទ្ធសាសនាជាង ២៥០០ កន្លែង។
៦. ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ម៉ានីល បានក្លាយទៅជារាជធានីប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ៩០០ ដែលមានអាយុកាល ១១២០ ឆ្នាំ និងបន្ដមកដល់បច្ចុប្បន្ន ទោះបីជាទីក្រុងនេះ បានឆ្លងកាត់នូវ អាណានិគមបរទេសជាច្រើន ទីក្រុងម៉ានីល នៅតែជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងស្គាល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ចាប់ពីសតវត្សទី២០ មក។
៧. ទីក្រុងម៉ាហ្គេលែន ប្រទេសឥណ្ឌូនេស៊ី
មានអាយុកាល ១១១៣ឆ្នាំ ទីក្រុងម៉ាហ្គេលែន បានក្លាយជារាជធានី នៃអាណាចក្រ Mataram លើកោះជ្វា ចាប់ផ្ដើមពីគ.ស ៩០៧។ បច្ចុប្បន្ន ទីក្រុងនេះ មានភាពល្បីល្បាញដោយសារ ស្ថិតនៅជុំវិញដោយទេសភាព យ៉ាងស្រស់ស្អាត តំបន់ធម្មជាតិ អមដោយវប្បធម៌ម៉ាហ្គេលែន ទាក់ទាញទេសចរមកកម្សាន្ដ និងទទួលបទពិសោធន៍ដ៏ប្លែកមួយ នៅប្រទេសឥណ្ឌូនេស៊ី។
៨. ទីក្រុងបង់ដា សេរី បេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ
ទីក្រុងបង់ដា សេរី បេហ្គាវ៉ាន់ មានអាយុកាល ១០៤៣ ឆ្នាំ បានក្លាយជា រាជធានីប្រទេសប្រ៊ុយណេ ចាប់តាំងពីឆ្នាំ ៩៩៧ និងជាទីក្រុងតែមួយគត់ នៅប្រទេសប្រ៊ុយណេ។ ទីក្រុងនេះ បានខ្ទេចខ្ទីក្នុង សង្គ្រាមលោកលើកទី២ ប៉ុន្តែក្រោយពីរកកំណប់អណ្ដូងប្រេងមហិមា ប្រទេសប្រ៊ុយណេ បានកសាងទីក្រុងនេះឡើងវិញ ក្លាយទៅជាទីក្រុងទំនើប មានព្រះវិហារឥស្លាមដ៏ស្រស់ស្អាត មានភូមិបណ្ដែតទឹក មានឧទ្យានព្រៃលិចទឹកដ៏ធំ និងឆ្នេរស្រស់ស្អាត។
៩. ទីក្រុងប៊ូតន់ ប្រទេសហ្វីលីពីន
ទីក្រុងប៊ូតន់ មានអាយុកាល ១០១៩ ឆ្នាំ ជាទីក្រុងអារិយធម៌ចំណាស់បំផុត នៅប្រទេសហ្វីលីពីន ដែលបានបង្កើតក្នុងគ.ស ១០០១។ បច្ចុប្បន្ន ទីក្រុងនេះមានមនុស្សរស់នៅច្រើន ជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់រដ្ឋបាល នៃខេត្ត Caraga ប្រជុំកោះហ្វីលីពីន។
១០. ទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា
ទីក្រុងយ៉ាងហ្គន មានអាយុកាល ៩៧៧ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ១០៤៣ ជាទីក្រុងធំបំផុត នៅប្រទេសមីយ៉ាន់ម៉ា ជាបណ្ដុំពាណិជ្ជកម្ម វប្បធម៌ និងសាសនា។ ទីក្រុងយ៉ាងហ្គន ត្រូវបានគេស្គាល់ដោយសារតែ ប្រវត្តិសាស្ត្រនៃការដាក់អាណានិគមអឺរ៉ុបយ៉ាងច្រើនលើក មានសំណង់ស្ថាបត្យកម្មអឺរ៉ុប ការរក្សាប្រពៃណីសាសនា យ៉ាងខ្ជាប់ខ្ជួន សម្បូរម្ហូបអាហារតាមផ្លូវប្លែកៗ (street food) និងវត្តដែលមានចេតិយពណ៌មាសដ៏ធំៗ។
ប្រភព៖ Seasia.co