ក្រុមហ៊ុនជប៉ុន កំពុងរើមូលដ្ឋានចេញពីប្រទេសចិន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍


មានក្រុមហ៊ុនជប៉ុនជាច្រើន កំពុងរើមូលដ្ឋានចេញពីប្រទេសចិន ក្រោមកត្តាមួយចំនួន ដូចជា ប្រទេសចិនមាន កំណើនសេដ្ឋកិច្ចយឺតជាងមុន ហានិភ័យលើច្បាប់សំណង់ វិស័យអចលនទ្រព្យធ្លាក់ចុះ តម្លៃផលិតកម្មកើនឡើង ការតម្លើងពន្ធនាំចូល ផលិតផលពីប្រទេសចិន ទៅកាន់ទីផ្សារអន្តរជាតិ ជាដើម។ ទាំងអស់នេះ ជំរុញអោយក្រុមហ៊ុនធំៗរបស់ជប៉ុន បាននឹងកំពុងផ្លាស់ប្ដូរផលិតកម្មខ្លួន មកកាន់តំបន់អាស៊ីអាគ្នេយ៍វិញ។

របាយការណ៍ពី Teikoku Databank របស់ជប៉ុនបង្ហាញថា ក្រុមហ៊ុនជប៉ុន ប្រតិបត្តិការនៅក្នុងប្រទេសចិន មានសរុបចំនួន ១៤ ៣៩៤ ក្រុមហ៊ុន កាលពីឆ្នាំ២០១២ និងបានធ្លាក់ចុះមកត្រឹម ១៣ ០៣៤ ក្រុមហ៊ុនត្រឹមឆ្នាំ២០២៣ ដោយក្រុមហ៊ុនខ្លះបានផ្លាស់ប្ដូរមូលដ្ឋាន ទៅប្រទេសជប៉ុនវិញ និងខ្លះទៀតមកកាន់ ប្រទេសអាស៊ីអាគ្នេយ៍ ហើយប្រទេសអាស៊ាន ក្លាយទៅជាទីផ្សារធំមួយ ក្នុងចំណោមការវិនិយោគរបស់ ក្រុមហ៊ុនជប៉ុននៅក្រៅប្រទេស។ ទីផ្សារវិនិយោគធំៗទាំង ៥ របស់ក្រុមហ៊ុនជប៉ុន នៅបរទេស មានដូចជា ប្រទេសចិន សហរដ្ឋអាមេរិច ថៃ សិង្ហបុរី និងវៀតណាម។

ប្រទេសនៅអាស៊ីអាគ្នេយ៍ អាចទាក់ទាញក្រុមហ៊ុនជប៉ុន មកវិនិយោគបានច្រើន ដោយសារសក្ដានុពលមួយចំនួន ជាក់ស្ដែង អាស៊ានមានភូមិសាស្ត្រអំណោយផល សម្រាប់ការនាំចេញ សម្បូរធនធានមនុស្ស តម្លៃពលកម្មទាបជាងនៅជប៉ុនឆ្ងាយ ហើយប្រជាជន រៀនភាសាបរទេសច្រើន ដូចជាអង់គ្លេស ចិន ជប៉ុន កូរ៉េ -ល- មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាផ្លូវថ្នល់ កំពង់ផែ បណ្ដាញអគ្គិសនី ងាយស្រួលផ្គត់ផ្គង់ច្រវាក់ផលិតកម្ម មានកំណើនសេដ្ឋកិច្ចខ្ពស់ មានបច្ចេកទេសរីកចម្រើន និងមានស្ថេរភាពនៃរូបិយប័ណ្ណ។

ជាការពិត ប្រទេសអាស៊ានមានទុនដ៏ធំមួយ គឺធនធានមនុស្ស និងសម្បូរមនុស្សវ័យក្មេង ផ្ទុយពីប្រទេសជឿនលឿន ដូចជប៉ុនសម្បូរ ទៅដោយមនុស្សចាស់ នៅប្រទេសអាស៊ាន មានប្រជាជនសរុប ៦៧០ លាននាក់ ជាធនធានមនុស្សធំបំផុតទី៣ លើពិភពលោកបន្ទាប់ពីចិន និងឥណ្ឌា ហើយក៏ច្រើនជាង នៅសហគមន៍អឺរ៉ុប ដែលមានចំនួនប្រជាជនត្រឹម ៤៥០ លាននាក់។ សេដ្ឋកិច្ច នៅអាស៊ាន ក៏រីកចម្រើនគួរអោយកត់សម្គាល់ដែរ នៅឆ្នាំ២០២៣ ផលិតផលសរុប (GDP) អាស៊ានទាំង ១០ ប្រទេសសរុបប្រមាណ ៣,៨១ ទ្រីលានដុល្លារ ដែលធំលំដាប់ទី៥ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិច ប្រទេសចិន អាល្លឺម៉ង់ និងជប៉ុន។

កាលពីឆ្នាំ២០២២ ប្រទេសអាស៊ានទាំង ១០ បានចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងតំបន់ គឺភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ជាមួយនឹងសមាជិកក្រៅអាស៊ាន ដូចជា ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់ ដើម្បីពង្រឹង កិច្ចសហការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងប្លុកដ៏ធំមួយ ដែលមានប្រជាជនរស់នៅប្រមាណ ២,២ ពាន់លាននាក់ និងបានក្ដោបយកសេដ្ឋកិច្ចពិភពលោក ប្រមាណ ៣០% សរុបជាទឹកប្រាក់ ២៩,៧ ទ្រីលានដុល្លារ។

ប្រភព៖ JapanTimes