កំពត៖ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ផ្លូវជាតិលេខ៣១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំ ក្រុមការងារចុះពិនិត្យបច្ចេកទេសលម្អិត វាយតម្លៃយល់ព្រមទទួលយក កិច្ចការងារពង្រីក និងលើកកម្រិត គុណភាពគម្រោងផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងដាក់ឲ្យប្រើប្រាស់ បណ្តោះអាសន្នសិន ក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។
គូសសម្គាល់ផងថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បី ពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ក្នុងន័យ អាចធានាបានថា គម្រោងផ្លូវជាតិលេខ៣១ អនុវត្តទៅតាម លក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញ កិច្ចការងារដោយយកចិត្តទុកដាក់។ ឯកឧត្តម បានកើនរំឮកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។
គួរឲ្យដឹងដែរថា គិតត្រឹមចុងខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ លទ្ធផលការងារបានសម្រេច ១០០% ហើយ ដោយមានការវាយតម្លៃ យល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន