ទីក្រុងទាំង ១០ ដែលទទួលបានភ្ញៀវទេសចរអន្តរជាតិ ច្រើនបំផុតនៅលើពិភពលោក


ចំនួនភ្ញៀវទេសចរអន្តរជាតិ បានឈានទៅ រកភាពដូចដើម មុនវិបត្តិជំងឺកូវីដ-១៩ វិញហើយ ដោយកាលពីឆ្នាំ២០២៣ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរជុំវិញ ពិភពលោកមានចំនួន ១,៣ ពាន់លាននាក់ ប្រហែលនឹង ៨៨% នៃចំនួនមុនវិបត្តិកូវីដ ចំណែកឆ្នាំ២០២៤ គេមើលឃើញថាភ្ញៀវទេសចរអន្តរជាតិ បានកើនឡើង ១៩% លើសឆ្នាំ២០២៣ យោងតាមរបាយការណ៍ពី UNWTO World Tourism Barometer។

ដូចនេះ ២០២៤ គឺជាឆ្នាំដែលចំនួនភ្ញៀវទេសចរអន្តរជាតិ ត្រលប់មកសភាពដើមវិញ ក្រោយវិបត្តិជំងឺកូវីដ។

ខាងក្រោមនេះ គឺជាទីក្រុងទាំង ១០ ដែលទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុត៖

•    ទីក្រុងបាងកក ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេស ៣២,៤ លាននាក់

•    ទីក្រុងអ៊ីស្ថានប៊ូល ប្រទេសតួកគី ទទួលបានភ្ញៀវទេសចរបរទេស ២៣ លាននាក់

•    ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ទទួលបានភ្ញៀវទេសចរបរទេស ២១,៧ លាននាក់

•    ទីក្រុងហុងកុង ប្រទេសចិន ទទួលបានភ្ញៀវទេសចរបរទេស ២០,៥ លាននាក់

•    ទីក្រុងមេកា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ទទួលបានភ្ញៀវទេសចរបរទេស ១៩,៣ លាននាក់

•    ទីក្រុងអាន់តាល់យ៉ា ប្រទេសតួកគី ទទួលបានភ្ញៀវទេសចរបរទេស ១៩,៣ លាននាក់

•    ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ទទួលបានភ្ញៀវទេសចរបរទេស ១៨,២ លាននាក់

•    ទីក្រុងម៉ាកាវ ប្រទេសចិន ទទួលបានភ្ញៀវទេសចរបរទេស ១៨ លាននាក់

•    ទីក្រុងប៉ារីស ប្រទេសបារាំង ទទួលបានភ្ញៀវទេសចរបរទេស ១៧,៤ លាននាក់

•    ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេស ១៦,៥ លាននាក់

ទិន្នន័យចុងក្រោយពី UNWTO World Tourism Barometer បានបង្ហាញថា តំបន់មជ្ឈឹមបូព៌ា មានកំណើននៃ ចំនួនភ្ញៀវទេសចរលឿនរហ័ស ជាងគេ ដោយស្ដារទេសចរអន្តរជាតិឡើងវិញ លើសកាលពីឆ្នាំ២០១៩ រហូតដល់ជាង ២២%។ ចំណែកនៅតំបន់អឺរ៉ុប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ត្រឹម ៩៤% នៃចំនួនភ្ញៀវទេសចរមុនវិបត្តជំងឺកូវីដ-១៩ ដោយត្រូវការទាញភ្ញៀវទេសចរ មកពីសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ២០២៤ ត្រូវបានគេរំពឹងថា នឹងអាចមានចំនួនភ្ញៀវទេសចរអន្តរជាតិ លើសមុនវិបត្តិកូវីដ-១៩ ចំនួន ២% ដោយតំបន់អាស៊ី គឺជាក្បាលម៉ាស៊ីន នៃអត្រាកំណើនភ្ញៀវទេសចរពិភពលោក តួយ៉ាង នៅតំបន់មជ្ឈឹមបូព៌ា និងអាស៊ីខាងត្បូង។ ចំណែកភ្ញៀវទេសចរចិន ចេញក្រៅប្រទេស និងការទទួលភ្ញៀវទេសចរអន្តរជាតិចូលប្រទេសចិន ក៏រួមចំណែកធំក្នុងការស្ដារ វិស័យទេសចរណ៍ពិភពលោក ត្រលប់មកសភាពដូចដើមវិញដែរ។

 

ប្រភព៖ UN Tourism + Greek Reporter