ក្នុងដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤-០៥ ខែធ្នូកន្លងទៅ ភាគីកម្ពុជា-ឡាវ បានឯកភាពសាងសង់ ច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ស្ថិតនៅរវាងខេត្តរតនគិរី និងខេត្ត Attapeu ក្នុងគោលបំណង ជម្រុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី ការផ្លាស់ប្ដូរវប្បធម៌ទេសចរណ៍ ទប់ស្កាត់នូវការឆ្លងដែនខុសច្បាប់ បង្ការការគេចវេះពន្ធ និងសន្ដិសុខជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់នាយរដ្ឋមន្ត្រីឡាវ ដោយភាគីកម្ពុជា-ឡាវ បានឯកភាពបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត ដោយក្នុងនោះ រួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការពារជាតិ និងសន្ដិសុខ, ថាមពល, ការដឹកជញ្ជូន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ទេសចរណ៍, វប្បធម៌ និងសិល្បៈ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានប្ដេជ្ញាចិត្តសិក្សាពី លទ្ធភាពក្នុងការបង្កើតច្រកព្រំដែនថ្មី ដោយរំពឹងថានឹងអាច សាងសង់នៅរវាង ខេត្តរតនគិរី ប្រទេសកម្ពុជា និងខេត្ត Attapeu ប្រទេសឡាវ។
លើសពីនេះទៀត នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានណែនាំដល់ ភាគីពាក់ព័ន្ធជំរុញការអនុវត្ត គម្រោងសាងសង់ស្ពានឆ្លងទន្លេរពៅ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ទៅកាន់ខេត្តចំប៉ាសាក់ ប្រទេសឡាវ អោយចេញជារូបរាងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
គម្រោងសាងសង់ស្ពាន តភ្ជាប់រវាងប្រទេសទាំងពីរ ស្ថិតនៅខេត្តព្រះវិហារ និងការសាងសង់ ច្រកព្រំដែនអន្តរជាតិថ្មី នៅខេត្តរតនគិរី ភាគីកម្ពុជា-ឡាវ ជឿជាក់ថានឹងអាចពង្រីក ពាណិជ្ជកម្មទ្វេរភាគី ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជន និងប្រជាជន។
ប្រទេសកម្ពុជា មានព្រំដែនជាប់ប្រទេសឡាវ ប្រវែងជាង ៥៤០ គីឡូម៉ែត្រ ប៉ុន្តែមានច្រកព្រំដែនអន្តរជាតិតែមួយប៉ុណ្ណោះ ស្ថិតនៅស្រុកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង និងស្រុកណងណុកខៀន ខេត្តចំប៉ាសាក់។ ដូចនេះគម្រោងទាំងពីរ រំពឹងនឹងរួមចំណែកដល់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កាន់តែប្រសើរនៅក្នុង មហាអនុតំបន់ទន្លេមេគង្គ ថែមទៀត។
ប្រភព៖ AKP + Xinhua