ប្រទេសសិង្ហបុរី ជាទីក្រុងមានអចលនទ្រព្យថ្លៃបំផុតមួយ លើលោក និងត្រូវចំណាយខ្ពស់បំផុត សម្រាប់ការប្រើប្រាស់ រថយន្ដផ្ទាល់ខ្លួន ដូចជា ប័ណ្ណកម្មសិទ្ធរថយន្ដ ការចុះបញ្ជីស្លាកលេខ បង់ពន្ធផ្លូវប្រចាំឆ្នាំ ធានារ៉ាប់រង ការថែទាំ និងតម្លៃប្រេងសាំងខ្ពស់ផងដែរ។ ដូចនេះ ទីតាំង showroom លក់រថយន្ដ ត្រូវមានការច្នៃប្រឌិតខ្ពស់ និងបត់បែន ស្របទៅតាមតម្លៃដីធ្លី ប៉ុន្តែមានប្រណិតភាព សាកសមនឹងតម្លៃរថយន្ដ។
ក្រុមហ៊ុនលក់រថយន្ដ Autobahn Motors នៃប្រទេសសិង្ហបុរី សាងសង់ទីតាំង showroom លក់រថយន្ដរបស់ខ្លួន ដោយយកគម្រូតាមទូរលក់ភេសជ្ជៈ ឬហៅថា vending machine ដោយការសាងសង់អគារកម្ពស់ ១៥ ជាន់ ដាក់តាំងបង្ហាញរថយន្ដទំនើបជាច្រើនប្រភេទ មានចាប់ពី Bentleys, Porsches, Ferraris, BMW, Mercedes និង Lamborghinis ជាដើម។
លោក Gary Hong ជាម្ចាស់ក្រុមហ៊ុន បានបញ្ជាក់ថា គំនិតនៃការច្នៃប្រឌិត ទីតាំងលក់រថយន្ដបែបនេះ គឺបានគិតគូរការសន្សំសំចៃទីធ្លារ ដោយសារនៅប្រទេសសិង្ហបុរី មិនមានដីធំទូលាយទេ និងមានតម្លៃដីធ្លីខ្ពស់បំផុតមួយលើពិភពលោក ហើយការសាងសង់អគារ showroom នេះអនុញ្ញាតិអោយគេតាំងបង្ហាញ រថយន្ដទំនើបបានដល់ ៦០ គ្រឿងដោយចំណាយទីធ្លារតិចបំផុត មិនធ្លាប់មាននៅទីក្រុងផ្សេងទៀត។
អ្វីដែលទំនើបបំផុត គឺអគារតាំងបង្ហាញរថយន្ដនេះ ប្រៀបដូចជាទូរលក់ភេសជ្ជៈដែរ ពោលប្រសិនបើ អតិថិជន មានបំណងចង់មើល ឬទិញរថយន្ដណាមួយ គឺគ្រាន់តែចុចលើអេក្រង់ រយៈពេល ២ នាទីប៉ុណ្ណោះ ជណ្ដើរយោង Robot នឹងនាំរថយន្ដនោះ មកដល់ខាងក្រោម ដើម្បីអោយអតិថិជនទស្សនាផ្ទាល់ និងទិញបានភ្លាមៗ ផ្ដល់ភាពងាយស្រួល និងរុញបច្ចេកវិទ្យាទៅមួយកម្រិតទៀត។
បានបើកដំណើរការ កាលពីឆ្នាំ២០១៧ បច្ចុប្បន្ន Autobahn Motors Singapore មិនត្រឹមតែជាកន្លែង លក់រថយន្ដដ៏ល្បីល្បាញ មានគំនិតច្នៃប្រឌិតខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមបានទាក់ទាញទេសចរ មកថតកម្សាន្ដយ៉ាងច្រើន នៅទីតាំងនោះផងដែរ។
ប្រភព៖ Super Car Blondie