រថភ្លើង Metro គឺជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលត្រូវបានគេអភិវឌ្ឍចុងក្រោយបង្អស់ ក្នុងទីក្រុង ដោយសារតែត្រូវការចំណាយខ្ពស់ ទីក្រុងត្រូវមានមនុស្សរស់នៅច្រើន ដើម្បីកាត់បន្ថយនូវបញ្ហាចរាចរណ៍ ប្រសិទ្ធភាពធ្វើដំណើរ តំហែទាំបរិស្ថាន -ល-។ ការដែលមានរថភ្លើង Metro ប្រើប្រាស់ក្នុងទីក្រុង ក៏បង្ហាញនូវភាពទំនើបនៃទីក្រុង ភាពរីកចម្រើននៃបណ្ដាញ ដឹកជញ្ជូនសាធារណៈ និងការកាត់បន្ថយ ចំហេះយានយន្ដក្នុងទីក្រុងផងដែរ។
រថភ្លើង Metro សំដៅទៅលើ រថភ្លើងដែលរត់នៅក្រោមដី ឬរថភ្លើងអាកាស ដែលមានសមត្ថភាពដឹកជញ្ជូន អ្នកដំណើរបានច្រើន ឆ្លងកាត់តំបន់សំខាន់ៗ នៅទីប្រជុំជន និងធ្វើដំណើរទៀងទាត់ពេលវេលា ហើយរថភ្លើងប្រភេទនេះ ភាគច្រើនប្រើប្រាស់ថាមពលអគ្គិសនី។ នៅប្រទេសអាស៊ីអាគ្នេយ៍ មិនមានទីក្រុងច្រើនប៉ុន្មានទេ ដែលមានរថភ្លើង Metro ប្រើប្រាស់ ពោលគឺមានតែនៅក្នុងទីក្រុងធំៗ ទីក្រុងទំនើប ដែលមានកម្រិត GDP ខ្ពស់ប៉ុណ្ណោះ ជាក់ស្ដែង មានដូចជា៖ ទីក្រុងសិង្ហបុរី ទីក្រុងកូឡាឡាំពួ ទីក្រុងបាងកក ទីក្រុងហ្សាកាតា ទីក្រុងម៉ានីល ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ត្រៀមសម្ពោធប្រើប្រាស់។
រថភ្លើង Metro មានអត្ថប្រយោជន៍ជាច្រើន ដោះស្រាយដល់បញ្ហាធ្វើដំណើរក្នុងទីក្រុងដូចជា៖
១. ដឹកជញ្ជូនអ្នកដំណើរបានច្រើន៖ កាត់បន្ថយការប្រើប្រាស់យាន្ដជំនិះផ្ទាល់ខ្លួន ដែលនាំអោយមាន បញ្ហាស្ទះចរាចរណ៍ រថភ្លើង Metro អាចដឹកជញ្ជូនអ្នកដំណើររាប់រយនាក់ ក្នុងមួយជើង និងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ។
២. ទៀងពេលវេលា៖ រថភ្លើង Metro មានល្បឿនលឿន និងទៀងទាត់ពេលវេលា ជួយកាត់បន្ថយការចំណាយពេលរងចាំ និងប្រសិទ្ធភាពនៃការធ្វើដំណើរ។
៣. មិនមានបញ្ហាគ្រោះថ្នាក់៖ រថភ្លើង Metro រត់តែលើផ្លូវដែកតែឯងប៉ុណ្ណោះ និងត្រូវបានសាងសង់នៅលើអាកាស ឬនៅក្រោមដី មិនមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬស្ទះចរាចរណ៍។
៤. ការតភ្ជាប់បណ្ដាញដឹកជញ្ជូន៖ រថភ្លើង Metro សាងសង់ឡើងគិតគូរយ៉ាងម៉ត់ចត់ ទៅលើទីតាំងស្ថានីយសំខាន់ៗ និងតភ្ជាប់ជាមួយនឹង មធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងទៀត ដូចជាអាកាសយានដ្ឋាន ចំណតរថយន្ដក្រុង តំបន់ប្រជុំជន ដើម្បីធានានូវ ការប្រើប្រាស់បណ្ដាញដឹកជញ្ជូន មានប្រសិទ្ធភាព។
៥. កាត់បន្ថយការបំពុលបរិស្ថាន៖ កាត់បន្ថយការប្រើប្រាស់ យានយន្ដតាមដងផ្លូវរាប់ពាន់គ្រឿង មានន័យថារថភ្លើង Metro នឹងជួយកាត់បន្ថយចំហេះឥន្ធនៈ ធ្វើអោយទីក្រុង មានខ្យល់បរិសុទ្ធជាងមុន។ ម្យ៉ាងទៀត រថភ្លើង Metro ដើរដោយថាមពលអគ្គិសនី ដែលមិនប៉ះពាល់ដល់បរិស្ថាន។
យ៉ាងណាមិញ ការសាងសង់រថភ្លើង Metro ក្នុងទីក្រុងត្រូវការចំណាយថវិកាច្រើន បច្ចេកទេសទំនើប ទីធ្លារគ្រប់គ្រាន់សម្រាប់សាងសង់ និងប្រាកដថាទីក្រុងនោះ មានតម្រូវការប្រើប្រាស់ជាក់ស្ដែង។ ប្រសិទ្ធភាពនៃការប្រើប្រាស់រថភ្លើង Metro ក៏អាស្រ័យទៅលើ កត្តាមួយចំនួនដែរ ដូចជា៖ ការតភ្ជាប់បណ្ដាញដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ ការសងសង់ស្ថានីយ៍ នៅទីតាំងដែលមានតម្រូវការខ្ពស់ ភាពទៀងពេលវេលា ដែលអាចទុកចិត្ត និងតម្លៃសំបុត្រសមរម្យផងដែរ។
ប្រភព៖ CPR