រថយន្ដក្រុងសាធារណៈរាជធានីភ្នំពេញ មានដំណើរការនៅតាម Google Map ហើយ


ការធ្វើដំណើរតាម មធ្យោបាយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ បានធ្វើទំនើបកម្មមួយកម្រិតទៀត ដែលអនុញ្ញាតិអោយអ្នក រៀបចំផែនការធ្វើដំណើរ កាន់តែវៃឆ្លាតជាងមុន ដោយដឹងអំពីចម្ងាយផ្លូវ មធ្យោបាយធ្វើដំណើរ រយៈពេលធ្វើដំណើរ និងតម្លៃនៃការចំណាយ ច្បាស់លាស់ តាមរយៈសេវាកម្មដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ។

មុខងារនេះហៅថា Google Transit ដែលធ្លាប់បានឃើញមានប្រើប្រាស់ នៅក្នុងទីក្រុងទំនើប ដែលមានបណ្ដាញ ប្រព័ន្ធដឹកជញ្ជូនសាធារណៈច្រើនខ្សែ និងច្រើនមធ្យោបាយ ហើយបច្ចុប្បន្ន មានប្រើប្រាស់ នៅរាជធានីភ្នំពេញហើយ ដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្ដក្រុង បានធ្វើទំនើបកម្មដំណើរការមុខងារថ្មី នៅលើកម្មវិធី Google Map អនុញ្ញាតិអោយយើង ងាយស្រួលធ្វើដំណើរជាងមុន ងាយស្រួលស្វែងរកមធ្យោបាយ ធ្វើដំណើរសាធារណៈ ដែលចំណាយថវិកាតិច កាត់បន្ថយយានយន្ដតាមដងផ្លូវ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសណ្ដាប់ធ្នាប់ វិស័យដឹកជញ្ជូន នៅរាជធានីភ្នំពេញ។

ដើម្បីប្រើប្រាស់មុខងារនេះ យើងត្រូវមានកម្មវិធី Google Map នៅក្នុងទូរសព្ទដៃ រួចវាយទីតាំងដែលយើងចង់ទៅ ឧទាហរណ៍ «វិមានឯករាជ្យ» ចុចពាក្យគោលដៅ ឬ Directions រួចចុចលើរូបរថយន្ដក្រុង ដែលជាមធ្យោបាយធ្វើដំណើរសាធារណៈ នោះកម្មវិធី Google Map នឹងបង្ហាញនូវចម្ងាយផ្លូវ និងជម្រើសមធ្យោបាយធ្វើដំណើរ ដោយបញ្ជាក់ពីទីតាំងចំណតរថយន្ដក្រុង ដែលយើងអាចរងចាំជិះ លេខរថយន្ដក្រុងដែល យើងត្រូវធ្វើដំណើរ រយៈពេលធ្វើដំណើរ និងការចំណាយសរុប។

មុខងារ Google Transit ក៏បានបង្ហាញនូវតម្រាយ ខ្សែរត់នានារបស់រថយន្ដក្រុង ចំណុចប្រសព្វទីតាំងចំណត ដែលអនុញ្ញាតិអោយយើងផ្លាស់ប្ដូរ ជើងឡានក្រុង ទៅកាន់គោលដៅផ្សេង និងពេលវេលារត់ របស់ឡានក្រុងផងដែរ។ ដូចនេះ មុខងារ Google Transit កាន់តែផ្ដល់ភាពងាយស្រួល ដល់ការធ្វើដំណើរនៅក្នុងទីក្រុង អាចជួយកាត់បន្ថយ ការប្រើប្រាស់យាន្ដជំនិះផ្ទាល់ខ្លួន ដោយមធ្យោបាយធ្វើដំណើររួមវិញ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ ចំណាយថវិកាតិច រួមចំណែកកាត់បន្ថយឧស្ម័នពុល និងលើកស្ទួយដល់ សេវាកម្មដឹកជញ្ជូនសាធារណៈ នៅក្នុងរាជធានីភ្នំពេញ។

 

ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្ដក្រុង City Bus រាជធានីភ្នំពេញ