គម្រោងថ្មីដ៏សំបូរបែបឈ្មោះ “ទីក្រុងមេគង្គ ឃី - Mekong Quay City” មានទំហំដល់ ២១០ ហិកតា បើកការដ្ឋានសាងសង់នៅ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាផ្លូវការ!


ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី ១៧ធ្នូឆ្នាំ ២០២៤ នេះ គម្រោងសាងសង់ទីក្រុងថ្មីដ៏សំបូរបែប ដែលមានឈ្មោះថា “ទីក្រុងមេគង្គ ឃី - Mekong Quay City” ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ម្ចាស់គម្រោង និងភាគីដែលពាក់ព័ន្ធជាច្រើនទៀត។

គួរឲ្យដឹងផងដែរថា គម្រោងដ៏ធំនេះ ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គ ត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា លើផ្ទៃដីទំហំប្រមាណ ២១០ហិកតា និងជាគម្រោងអភិវឌ្ឍន៍ របស់ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប

គម្រោងនេះផងដែរ នឹងត្រូវបែងចែកជាពីរផ្នែកដោយ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ប្រមូលផ្តុំដោយផ្នែក អគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើបតាមដងទន្លេ តាមការរចនាបែបទំនើបប្រណិត និង មានអត្ថន័យវប្បធម៌ មានមជ្ឈមណ្ឌលអប់រំ ,មជ្ឈមណ្ឌលទេសចរណ៍ និង វប្បធម៌ នឹងរួមបញ្ចូលសារមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និង ជាកន្លែងបង្ហាញសិប្បកម្មក្នុងស្រុក រួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដែលអាចផ្ដល់នូវ ភាពទាក់ទាញ បទពិសោធន៍ថ្មីជូនភ្ញៀវទេសចរ។

ដោយឡែក ផ្នែកទី២ សាងសង់លើផ្ទៃដី៧០ហិកតា គ្រោងទុកសម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និង រៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍ សាធារណៈ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ចាត់ទុក ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងងើបឡើងវិញជាបណ្តើរៗ។

សម្តេចធិបតី បានបន្តថា គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នា របស់ប្រជាជនផង និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជារួមផង តាមរយៈ ការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា។

 

ប្រភព៖ ហ្វេសបុកផេកផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី