ក្នុងឆ្នាំ២០២៤នេះ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែម បានចំនួនប្រមាណជិត ១ម៉ឺនដុល្លារ ពីដៃគូសហការ និងសប្បុរសជន ដើម្បីកិច្ចគាំពារមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្ដល់សេវាសុខភាព ដល់កុមារកម្ពុជាទូទាំងប្រទេស ប្រមាណជាង ១០ម៉ឺនករណី ក្នុងមួយឆ្នាំៗ។
គួរឲ្យដឹងដែរថា ការបរិច្ចាគនេះធ្វើឡើងក្នុងកម្មវិធី “រត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ” ក្រោមការរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងដៃគូសការឧបត្ថម្ភកម្មវិធី ជាច្រើន រួមទាំងមានការចូលរួមពី សំណាក់សប្បុរសជន យ៉ាងច្រើនកុះករ ដែលបានប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោង ហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។
នេះគឺជាលើកទី៤ សម្រាប់ការបរិច្ចាគថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈ មូលនិធិគន្ធបុប្ផាកម្ពុជា។
ថ្លែងក្នុងកម្មវិធីរត់សប្បុរសធម៌ ដើម្បីមន្ទីរពេទ្យកុមារអង្គរ លោកជំទាវ ហុង ដានី អគ្គនាយិកាបុរីប៉េងហួត បានលើកឡើងថា <<យើងខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះនឹងរួមចំណែក ទ្រទ្រង់ដល់ដំណើរការ របស់មន្ទីរពេទ្យ ក៏ដូចជាការផ្លាស់ប្ដូរ ជោគវាសនារបស់កុមារ ដែលកំពុងត្រូវការ-ការសង្គ្រោះ ដើម្បីឈានទៅរកអនាគតដ៏ភ្លឺថ្លា ប្រកបដោយសុខភាពល្អរឹងមាំ។>>
លោកជំទាវក៏បានសម្ដែងនូវ ការអរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូសហការឧបត្ថម្ភកម្មវិធី រួមទាំងសហការី ប៉េង ហួត គ្រុប និងសប្បុរសជនទាំងអស់ ដែលបានរួមចំណែក ក្នុងការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្ត ចូលរួមក្នុងកម្មវិធី ដែលនេះបង្ហាញឱ្យឃើញ ពីទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតី ខ្មែរជួយខ្មែរ និងសង្គមជាតិផងដែរ។