ប្រាសាទឥដ្ឋទី ១៥ នៃប្រាសាទភ្នំបាខែង ត្រូវបានបញ្ចប់ការជួសជុលដោយជោគជ័យ ក្រោយចំណាយពេលអស់ ៦ខែកន្លងមក


សៀមរាប៖ បើយោងតាមព័ត៌មានដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនាថ្ងៃទី ១៣មករា ឆ្នាំ២០២៥ នេះ បានបង្ហាញឲ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល ប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុល អស់រយៈពេល៦ខែមក។

ក្នុងនោះដែរ លោកស្រី ឈុន រតនា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែង បានបញ្ចប់ការងារជួសជុល នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើម ជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារ កំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើក ការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំ សិក្សាគម្រោងថ្មីដើម្បី បន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។

គួររម្លឹកដែរថា មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំង ដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃសំណង់ជាដើម។ លោកស្រី ឈុន រតនា ពន្យល់ថា ក្រុមការងាររបស់លោកស្រី បានជួសជុលពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿនក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុលប្រាសាទនេះនឹងឈររឹងមាំរាប់រយឆ្នាំ ទៅមុខទៀត។

គូសសម្គាល់ផងថា ប្រាសាទឥដ្ឋ នៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ បច្ចុប្បន្ន ប្រាសាទមួយផ្នែកតូច ត្រូវបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារ អាជ្ញាធរជាតិអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។ នៅឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរាកំពុងបន្ត ជួសជុលប្រាសាទឥដ្ឋទី១៤ ដែលសល់ស្លាកស្នាមគ្រឹះ និងតួជញ្ជាំងបន្តិចប៉ុណ្ណោះ។

យ៉ាងណា នេះជាស្លាកស្នាមបុរាណដ្ឋាន ដ៏សំខាន់ដែល អ្នកបុរាណវិទ្យាយល់ថា វាមានតម្លៃជាប្រវត្តិសាស្រ្តដែលគួរត្រូវបានរក្សា និងជួសជុលឱ្យគង់វង្សបន្តទៀត៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា