គម្រោងរោងចក្រផលិតសំបកកង់ចិន ថ្មីមួយទៀត តម្លៃ ៥០០លានដុល្លារ លើផ្ទៃដី ៣២ហិកតា ក្នុងខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ១២មករានេះ!


ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) បានសម្រេចធ្វើពិធីបើកការដ្ឋាន រោងចក្រផលិតសំបកកង់ថ្មី របស់ខ្លួនជាផ្លូវការ កាលពីថ្ងៃអាទិត្យទី ១២ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ នៅក្នុងខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមដោយ ឯ.ឧ ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯ. WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, ឯ. អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, ប្រធានក្រុមហ៊ុន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

គូសបញ្ជាក់ឲ្យដឹងផងដែរថា គម្រោងរោងចក្រផលិតសំបកកង់ថ្មីនេះ មានទីតាំងស្ថិតក្នុង តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាមេរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូន ប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។

ដូចគ្នានេះដែរ គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា