ភ្នំពេញ៖ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦,៧ លាននាក់ក្នុងឆ្នាំ ២០២៤ កើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២៣។
មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏បាននឹងកំពុងដាក់ចេញនូវ ផែនការសកម្មភាពមួយចំនួន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ឱ្យបានកាន់តែច្រើន ដោយគ្រោងនឹងសម្រេចឲ្យបាន ៧លាននាក់នៅក្នុងឆ្នាំ ២០២៥ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។
លោកជំទាវ បានគូសបានបញ្ជាក់ថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៦,៧ លាននាក់ ក្នុងឆ្នាំ២០២៤ ដោយភ្ញៀវទេសចរពេញនិយមបំផុត គឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀត ក្នុងទ្វីបអឺរ៉ុប។
ទាក់ទិននឹង ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នៅឆ្នាំ២០២៥ លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាមានគោលបំណង ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់នៅឆ្នាំនេះ។
ដើម្បីសម្រេចបាននូវកំណើននេះ ក្រសួងទេសចរណ៍ បានរៀបចំបង្កើតនូវផែនការច្បាស់លាស់ ជាមួយនឹងសកម្មភាពជាក់លាក់ ដូចខាងក្រោម៖
- ទី១៖ ក្រសួងនឹងសម្រួល និងកែលម្អនីតិវិធីក្នុងការផ្តល់ ទិដ្ឋាការអេឡិចត្រូនិក ដល់ភ្ញៀវទេសចរបរទេស បន្ទាប់ពីការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចុះតម្លៃ លើទិដ្ឋាការអេឡិចត្រូនិក រួមទាំងតម្លៃទិដ្ឋាការ សម្រាប់ប្រភេទទេសចរណ៍ (e-Visa T) ពី ៣៦ ដុល្លារ មកត្រឹម ៣០ ដុល្លារ និងសម្រាប់ប្រភេទធម្មតា (e-Visa E) ពី ៤២ដុល្លារ មក ៣៥ ដុល្លារ។
- ទីពីរ៖ ក្រសួងនឹងជម្រុញ ការអភិវឌ្ឍន៍ការតភ្ជាប់ពី តំបន់ទេសចរណ៍របស់កម្ពុជា ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ជាពិសេសការហោះហើរត្រង់ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្ពុជាកាន់តែច្រើន។
- ទី៣៖ ក្រសួងទេសចរណ៍ នឹងជម្រុញ និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ នៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស ដើម្បីពង្រឹង និងធ្វើពិពិធកម្មវិស័យទេសចរណ៍។
បន្ថែមពីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ទៅកាន់គោលដៅសំខាន់ៗ ក្រសួងកំពុងបន្តបង្កើត ផែនការយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ តំបន់ទេសចរណ៍សំខាន់ៗដូចជា ខេត្តសៀមរាបអង្គរ តំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ធម្មជាតិ នៅតំបន់ភាគខាងកើត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលដៅបង្ហាញពីការផ្តល់ ទេសចរណ៍ចម្រុះរបស់កម្ពុជា រួមទាំងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសម្រស់ធម្មជាតិផងដែរ។
ប្រភព៖ ក្រសួងទេសចរណ៍