ភ្នំពេញ៖ បើយោងតាមជំនួប រវាង ឯ. ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ មកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពី សហគមន៍ធុរកិច្ចកាណាដា និងចិន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅបានបង្ហាញឲ្យដឹងថា ក្រុមអ្នកវិនិយោគនៃសហគ្រាស (APASME) ចង់នាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន មកវិនិយោគលើវិស័យកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។
ជាក់ស្តែង នៅក្នុងជំនួបនេះ លោក Lang Wangkai តំណាងក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន បានចែករំលែកបទពិសោធន៍ពីប្រទេសចិន ក្នុងការប្រែក្លាយជា ប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា តាមរយៈ ៣ ដំណាក់កាលគឺ៖ ការរៀនសូត្រ ការកែតម្រូវតាមបរិបទក្នុងស្រុក (localization) និងការអភិវឌ្ឍបច្ចេកវិទ្យា។ លោកបានបង្ហាញផ្នត់គំនិតរបស់លោកថា យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា គឺស្របទៅនឹងជំនាញរបស់ប្រទេសចិន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្ររូបធាតុ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។
ជាការឆ្លើយតបនឹងសំណើរបស់គណៈប្រតិភូនេះ ឯ. ហែម វណ្ណឌី បានលើកឡើងថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែលកំពុងពង្រឹង វិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម។ ឯ.រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ គណៈប្រតិភូនាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន មកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាចរៀបចំ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិស័យអាទិភាពជាក់លាក់ណាមួយផងដែរ។
ឯកឧត្តម ក៏បានស្នើឱ្យសមាគម APASME បង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើពូជដំណាំ ដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើ ការផលិតទំនិញដែលមានបន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផលវេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ពី កេរ្តិ៍ឈ្មោះដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ជាដើម។
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍