ខេត្តសៀមរាប នឹងមានសមិទ្ធផលថ្មីមួយទៀត ឈ្មោះថា “សួនតេជោសន្តិភាព” ដែលពេលសាងសង់រួច នឹងជាទីតាំងទេសចរណ៍កម្សាន្ត និងផ្តល់ការសិក្សាស្វែងយល់ ពីដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា


សៀមរាប៖ កាលពីថ្ងៃទី ១២មករាឆ្នាំ២០២៥ កន្លងទៅ គម្រោងថ្មី ដែលមានឈ្មោះថា “សួនតេជោសន្តិភាព” ត្រូវបានរៀបចំ ពិធីបញ្ចុះបឋមសិលាសាងសង់ នៅទីតាំងសួនច្បារ មហាសណ្ឋាគារអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយអមដំណើរដោយ ឯ.នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ ក៏ដូចជាភាគីដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

ក្នុងនោះដែរ អភិបាលខេត្តសៀមរាប ឯ. ប្រាក់ សោភ័ណ បានលើកឡើងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព នៅខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ អំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។

ឯ. អភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប ដែលបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទេសចរណ៍កម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និង គុណតម្លៃនៃការបញ្ចប់សង្រ្គាម និង នាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងខេត្តសៀមរាប។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កិច្ចដំណើរការសាងសង់ សួនតេជោសន្តិភាព មានការរៀបចំឡើង ទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នា តាមភាពជាក់ស្ដែង នៃប្រវត្តិការណ៍នៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេច បានបន្តទៀតថា សួនតេជោសន្តិភាពបានរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា ២៩X២៣ម៉ែត្រ និងមានកម្ពស់ ៩ម៉ែត្រ៩ទឹក១ហ៊ុន១លី ចែកជា ៣ផ្នែក សំខាន់ៗ រួមមាន៖

- ផ្នែកទី១: បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង,

- ផ្នែកទី២: សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹក ទៅតាមរចនាប័ទ វិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួន រៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១មានបីជ្រុង តំណាងឱ្យការធានា៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជំនះ។

សម្ដេច ក៏បានមានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា ដោយសារភាពចាំបាច់ និង តម្រូវការជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាត កសាងស្តូបវិមានឈ្នះឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយ បញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រ អំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រ នៃដំណើរការអនុវត្ត ទៅតាមទិសនានាផងដែរ។

 

ប្រភព៖ ហ្វេសបុកផេក សម្តេចពិជ័យសេនា / រដ្ឋបាលខេត្តសៀមរាប