កម្ពុជា បានចុះបញ្ជីរថយន្តអគ្គិសនីបានជាង ២ពាន់គ្រឿង ក្នុងឆ្នាំ២០២៤ កើនឡើង ៦២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមជាង ៣រយគ្រឿង!


ភ្នំពេញ៖ សន្ទុះនៃការកើនឡើង និងពេញនិយមនៃរថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ បានហក់ខ្ពស់ឡើងខ្លាំង បើតាមតួលេខនៃ ការចុះបញ្ជីយានយន្តអគ្គិសនី ទាំងនោះ កាលពីឆ្នាំទៅ។

ជាក់ស្តែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍បង្ហាញពីតួលេខជាក់ស្តែង នៃការចុះបញ្ជី កាលពីឆ្នាំ២០២៤ ដែលមានរថយន្ត EVs ដែលបានចុះបញ្ជីសរុបចំនួន ២ ២៥៣ គ្រឿង កើនឡើង ៦២០% ធៀបនឹងឆ្នាំ២០២៣ ដែលបានចុះបញ្ជីរថយន្ត EV ថ្មីចំនួន ៣១៣ គ្រឿង។

របាយការណ៍របស់ក្រសួងដដែល ក៏បានបង្ហាញថាមាន ម៉ាករថយន្ត EV ដែលពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា ដោយរថយន្តម៉ាក BYD របស់ចិន បាននាំមុខគេក្នុងទីផ្សារ បន្ទាប់មកគឺម៉ាក Toyota របស់ជប៉ុន និង Tesla របស់អាមេរិក។

ក្នុងនោះដែរ អ្នកនាំពាក្យក្រសួង ឯ.ផន រឹម បានមានប្រសាសន៍ថា ប្រជាប្រិយភាពនៃរថយន្ត EV បានកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយកំណើននេះគឺជាផ្នែកមួយ នៃនិន្នាការសកល គួរឱ្យកត់សម្គាល់។

ឯ.អ្នកនាំពាក្យក្រសួង បានមានប្រសាសន៍ថា “ការកើនឡើងនៃការប្រើប្រាស់ EV ស្របទៅនឹងនិន្នាការសកល ដែលកំពុងកើនឡើង យ៉ាងឆាប់រហ័ស ហើយកម្ពុជាកំពុងមើលឃើញពី ការអភិវឌ្ឍន៍ស្របគ្នា នៃវិស័យ EV របស់ខ្លួន”។

ជាការពិត ការប្រើប្រាស់រថយន្ត EVs បានរួមចំណែកកាត់បន្ថយ ផលប៉ះពាល់នៃកាបូនឌីអុកស៊ីត ដែលបញ្ចេញចេញពី រថយន្តដែលប្រើសាំង ហើយរថយន្ត EVs សន្សំសំចៃលើថ្លៃប្រេងឥន្ធនៈ ជាមួយនឹងការបំភាយទាប ឬសូន្យ។

ដូចគ្នានេះដែរ ក្រសួងបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានស្ថានីយសាកថាមពល EV ចំនួន ២១ កន្លែង ហើយកម្ពុជាក៏បាន នឹងកំពុងលើកទឹកចិត្តប្រជាជន ឱ្យប្រើប្រាស់រថយន្ត EV និងម៉ូតូអគ្គិសនី ដោយសារពួកវាមិនប៉ះពាល់ ដល់បរិស្ថាន និងសន្សំសំចៃថវិកា របស់អ្នកប្រើប្រាស់ ផងដែរ។

យោងតាមផែនការរបស់រាជរដ្ឋាភិបាល គឺបានប្តេជ្ញាថានឹងសម្រេចឱ្យបាន ៤០% នៃការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តក្រុង និង ៧០% នៃម៉ូតូអគ្គិសនីនៅឆ្នាំ ២០៥០ ដើម្បីកាត់បន្ថយការបញ្ចេញកាបូន។

យោងតាមគោលនយោបាយជាតិ សម្រាប់ការអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ការប្រើប្រាស់រថយន្ត EV ចំណាយត្រឹមតែ ៩ ៦៣៣ រៀល (២,៣៤ ដុល្លារ) សម្រាប់ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ខណៈការប្រើប្រាស់រថយន្តសាំង ឬម៉ាស៊ូតចំណាយរហូតដល់ ៣៥,៧២៣ រៀល (៨,៦៩ ដុល្លារ)។

បន្ថែមពីនេះដែរ ក្រសួងក៏បានចុះបញ្ជីយានយន្ត ដែលប្រើសាំងចំនួន ៤១៣ ០៦៧ គ្រឿងកាលពីឆ្នាំមុន។

ក្នុងចំណោមការចុះបញ្ជីសរុប ម៉ូតូមានចំណែកច្រើនជាងគេ ដែលមានចំនួន ៣៥៣ ៦០៣ គ្រឿង តាមពីក្រោយដោយរថយន្តធុនស្រាលចំនួន ៥៤ ៦៩២ គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥ ៨៤១ គ្រឿង។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន