តំបន់រមណីយដ្ឋានទឹកជ្រោះចាអ៊ុង ខេត្តរតនគិរី រំពឹងថា នឹងមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន បន្ទាប់ពីមានវត្តមានផ្លូវក្រាលកៅស៊ូ ដែលអាចផ្តល់លទ្ធភាពធ្វើដំណើរចូលទៅដល់ ស្រួលជាងមុន


រតនគិរី៖ ក្រោមការគិតគូរយកចិត្តទុកដាក់ពី ឯ. ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ផ្លូវខេត្តមួយខ្សែចូលទៅកាន់ តំបន់រមណីយដ្ឋានទឹកជ្រោះចាអ៊ុង បាននឹងកំពុងស្ថាបនា យ៉ាងមមាញឹកពីសំណាក់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយក្រាលកៅស៊ូប្រភេទ DBST។

យ៉ាងណា បើគិតត្រឹមបំណាច់ឆ្នាំ២០២៤ ការងារស្ថាបនាផ្លូវមួយខ្សែនេះ សម្រេចបាន ២៧០០ម៉ែត្រ ពោលគឺនៅសល់ ២៩០០ម៉ែត្រទៀត ទៅដល់រមណីដ្ឋានទឹកជ្រោះចាអ៊ុង។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានគ្រោងនឹងបញ្ចប់ ការងារស្ថាបនានេះនៅឆ្នាំ២០២៥ តែម្តង។

ដូច្នេះហើយ រដ្ឋបាលខេត្តរតនគិរី រំពឹងថានឹងមានកំណើនភ្ញៀវទេសចរ នឹងទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានទឹកជ្រោះចាអ៊ុង បានច្រើន បន្ទាប់ពីផ្លូវក្រាលកៅស៊ូមួយខ្សែនេះ ត្រូវបានស្ថាបនារួចរាល់។

គូសបញ្ជាក់ឲ្យដឹងដែរថា ទឹកជ្រោះចាអ៊ុង មានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិដុះឡើងជាច្រើន។ តំបន់នេះ ពោពេញទៅដោយទេសភាព មានភាពស្រស់ស្អាតយ៉ាងខ្លាំង ផ្សែងទឹកបង្កើតដោយទឹកធ្លាក់ បុកជាមួយផ្ទាំងថ្ម បង្កើតជាឥន្ទធនូ ជះនៅក្នុងពន្លឺថ្ងៃ។

សព្វថ្ងៃនេះ គេបានធ្វើជណ្ដើរដើម្បីអោយ ភ្ញៀវទេសចរ អាចងាយស្រួលចុះ ពីកំពូលភ្នំ ទៅដល់បាតជ្រោះតែម្ដង។

បន្ថែមពីនេះដែរ នៅពីក្រោយទឹកជ្រោះ គឺជារូងថ្ម មួយយ៉ាងធំ ដែលភ្ញៀវទេសចរ អាចទទួលបានការ ទស្សនាទេសភាព ប្រកបដោយភាពទាក់ទាញ និងប្លែកអារម្មណ៍មួយបែបទៀត។

គួរឲ្យដឹងថា រមណីយដ្ឋានទឹកជ្រោះចាអ៊ុង មានទីតាំងនៅក្នុងភូមិសាស្រ្ត បងប្អូនជនជាតិដើមភាគតិចគ្រឹង គឺភូមិចាអ៊ុង ស្រុកអូរជុំ។ ដើម្បីទៅដល់ទីនោះគេអាចធ្វើដំណើរ ២គីឡូម៉ែត្រ ចុះពីក្រុងបានលុងតាម ផ្លូវជាតិលេខ៧៨ បន្ទាប់មកបត់ស្ដាំ និងទៅតាមផ្លូវនោះជិត៦គីឡូម៉ែត្រ នឹងទៅដល់ទឹកជ្រោះចាអ៊ុងហើយ។

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី