នាវាទេសចរណ៍បរទេស នាំភ្ញៀវជាង ៧០០នាក់ ស្មើនឹង ១៨សញ្ជាតិ ចូលមកកម្សាន្តនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ១០កុម្ភៈ នេះ!


ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី ១០កុម្ភៈឆ្នាំ ២០២៥ នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះថា SEVENSEA EXPLIORER បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជាង ៧០០នាក់ ស្មើនឹង១៨សញ្ជាតិ ចូលសុំចតធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រយ:ពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

គួរឲ្យដឹងដែរថា នាវាទេសចរណ៍ SEVENSEA EXPLIORER មានសញ្ជាតិ MARSHALL ISLAND មានបណ្តោយ ២២៣,៧៤ម៉ែត្រ ទទឹង៣១,ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៧២៥នាក់ ស្រី៣៩១នាក់ ស្មើនឹង១៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៥៤៥នាក់ ស្រី ១៣៣នាក់ ស្មើនឹង៤៤សញ្ជាតិ។ នាវាទេសចរណ៍នេះ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកនេះ ដោយមានគម្រោងចាកចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ក្នុងនោះដែរ ភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍មួយនេះ មានសញ្ជាតិច្រើនជាងគេ មានដូចជា USA ៥៨៩នាក់ British ៦៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ផ្សេងៗទៀត។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង ៧០០នាក់ មានភ្ញៀវទេសចរ ចុះពីនាវាចេញទៅទស្សនាអង្គរវត្ត ខេត្តសៀមរាបចំនួន ២០នាក់ ស្រី១១នាក់ ស្មើនឹង ០២សញ្ជាតិ ផងដែរ។

ដោយឡែក ភ្ញៀវទេសចរបរទេសខ្លះផ្សេងទៀត បានធ្វើដំណើរតាមឡានក្រុង អញ្ជើញទស្សនា គោលដៅទេសចរណ៍ផ្សេងៗ ក្នុងខេត្តព្រះសីហនុ ដែលមានដូចជា ភូមិនេសាទទំនប់រលក ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ កម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដើម។

 

ប្រភព៖ ក្រសួងព័ត៌មាន / កំពង់ផែស្វយ័តក្រុងព្រះសីហនុ