TikTok គ្រងតំណែងឈានមុខគេ ក្នុងទីផ្សារឌីជីថលនៅកម្ពុជា ខណៈ Facebook បានលេខ ២ និង Instagram បានលេខ ៣!


អន្តរជាតិ៖ បើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយ Datareportal.com បានបង្ហាញឲ្យដឹងថា TikTok នៅតែជា Platform នាំមុខគេ នៅក្នុងទីផ្សារឌីជីថល ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម មានរហូតដល់ទៅ ៨៨,៤% នៅកម្ពុជា។ ដោយឡែក Facebook ដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta ជាប់លំដាប់ថ្នាក់ទី២ ដែលមាន ៦៨,៤%។

ខណៈដែលក្រុមហ៊ុនយក្សទាំងពីរ គ្រប់គ្រងចំណែកទីផ្សារឌីជីថល មួយភាគធំ នៅកម្ពុជា ទន្ទឹមនឹងនេះបណ្តាញសង្គម Instagram ក៏មានចំណែក (១៩,១%) LinkedIn (៣,៨%) និង X (៣,២%) ផងដែរ។

សម្រាប់ទិន្នន័យរបស់ ByteDance វិញ ក៏បានបង្ហាញថា ការផ្សព្វផ្សាយរបស់ TikTok នៅកម្ពុជា បានកើនឡើងចំនួន ២,៩ លាន (កើនឡើង ៤១%) ចន្លោះឆ្នាំ ២០២៣ និង២០២៤ ខណៈដែល Meta កើនឡើងចំនួន ១,២ លាន (១១%) ដែលជាសញ្ញាបង្ហាញថា TikTok នឹងនាំមុខMeta នៅឆ្នាំខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ Facebook និងប្រព័ន្ធបណ្តាញសង្គមផ្សេងទៀតរបស់ Meta នឹងបន្តនាំមុខគេ បើនិយាយពីចំនួនអ្នកប្រើប្រាស់ និងប្រជាប្រិយភាព ក្នុងចំណោមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។
ជាមួយនឹងអ្នកប្រើប្រាស់ ១១,៦៥ លាននាក់ Facebook នាំមុខគេ នូវប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតទាំងអស់ នៅកម្ពុជា បន្ទាប់មកមាន TikTok (អ្នកប្រើប្រាស់ ៩,៩៦ លាននាក់) Facebook Messenger (អ្នកប្រើប្រាស់ ៨,១៥ លាននាក់) Instagram (អ្នកប្រើប្រាស់ ១,៨៥ លាននាក់) LinkedIn (អ្នកប្រើប្រាស់ ៦៥០ ០០០) និង Twitter (អ្នកប្រើប្រាស់ ៥៤៥ ៩០០នាក់)។

ក្នុងនោះដែរ Facebook ដាក់កម្រិតលើការប្រើប្រាស់វេទិការបស់ខ្លួន ចំពោះអ្នកដែលមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ហើយមាន ៩០,៧% នៃប្រជាជនកម្ពុជា មានសិទ្ធិប្រើប្រាស់ Facebook កាលពីឆ្នាំមុន។

សម្រាប់ ByteDance វិញ អនុញ្ញាតឱ្យអ្នកទីផ្សារ ផ្តោតការផ្សាយពាណិជ្ជកម្ម TikTok លើអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ប៉ុន្តែឧបករណ៍ទាំងនេះ បង្ហាញតែទិន្នន័យអ្នកប្រើប្រាស់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ។

តួលេខរបស់ ByteDance បង្ហាញថាការផ្សាយពាណិជ្ជកម្ម TikTok ឈានដល់ ៦៣,៧% នៃមនុស្សពេញវ័យទាំងអស់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅកម្ពុជាក្នុងឆ្នាំ ២០២៣។

“ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយរបស់ TikTok នៅកម្ពុជា គឺស្មើនឹង ១០៣% នៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងស្រុកនៅដើមឆ្នាំ ដោយមិនគិតពីអាយុ។ ក្នុងឆ្នាំ ២០២៣ មាន ៤៦,៧% នៃអ្នកទស្សនាការផ្សាយពាណិជ្ជកម្មរបស់ TikTok នៅកម្ពុជាគឺជាស្ត្រី ខណៈដែល ៥៣,៣% គឺជាបុរស។”

ប្រភព៖ ByteDance / Datareportal.com