គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង ៤៩,៨១ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣,០៦% ហើយ នេះបើយោងតាម ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯ. អ្នកនាំពាក្យក្រសួង ក៏បានបន្ថែមថា បើគ្មានការប្រែប្រួល ដោយប្រការចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងមានរយៈពេលថែទាំ ចាប់ផ្តើមពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។
គួរឲ្យដឹងផងថា ផ្លូវជាតិលេខ ៧៣ (NR73) មានចំណុចតភ្ជាប់ផ្ទាល់ រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ ៤៩,៨១ គីឡូម៉ែត្រ។
គោលបំណងនៃគម្រោងនេះ គឺដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព នៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តញផ្លូវខេត្ត ដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
បន្ទាប់ពីជួសជុលកែលម្អរួច គម្រោងនេះ នាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើម ដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន ៦ របស់កម្ពុជា នោះគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច ភាពងាយស្រួល និងការតភ្ជាប់ កាន់តែល្អតាមបណ្តាញផ្លូវជាតិ។
គូសសម្គាល់ផងថា គម្រោងនេះរួមមាន៖ ការពង្រីកទទឹងផ្លូវ៨-៩ម៉ែត្រ ដល់១១ម៉ែត្រ ដោយអ៊ុតក្រាលកៅស៊ូ (AC) តំបន់ផ្សារចាក់បេតុងបន្ថែម ដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវ ដែលមានភាពធន់ទៅនឹង ការបម្រែបម្រួលអាកាសធាតុ(Climate Resilient) និងសុវត្ថិភាពនៃ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (safety of road infrastructure) ព្រមទាំងការកែលម្អ ចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ ត្រូវបានបញ្ចប់។