វឌ្ឍនភាពគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងល្វាឯម សម្រេចការងារបាន ៥,៤០% ហើយ គិតមកដល់ដើមខែកុម្ភៈនេះ!


កណ្តាល៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)សម្រេចវឌ្ឍនភាពការងារបាន ៥,៤០%ហើយ។ 

គម្រោងនេះ កំពុងដំណើរការយ៉ាងស្វាហាប់ ដោយបច្ចុប្បន្នក្រុមហ៊ុនសាងសង់ កំពុងមមាញឹក ក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៥១% (ប្រវែងសរុប៥៣៣ម៉ែត្រ) និងផ្នែកខាងកើត កំពុងរៀបចំដំណើរការសាងសង់ ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារៈគ្រឿងចក្រ។ 

គួរឲ្យដឹងផងថា ការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺជាផ្នែកដ៏សំខាន់ សម្រាប់ឆ្លងកាត់ ដាក់គ្រឿងចក្រ ដើម្បីខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិ ចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើត ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ 

ដូចគ្នានេះដែរ ដើម្បីសុវត្ថិភាពជារួម ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ ក្នុងការបើកបរដោយ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុ កើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំ របស់ក្រសួង។

ប្រភព៖ ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន