ស្ពានឈើចាស់ ពុកផុយមួយកន្លែង ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ-តាកែវ ត្រូវបានជួសជុលមកជាស្ពានដែក ក្រាលក្តារ ដ៏មុតមាំ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ!


កំពង់ស្ពឺ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានកសាង និងស្តារឡើងវិញ ស្ពានឈើចាស់ ពុកផុយមួយកន្លែង មកជាស្ពានដែក ក្រាលក្តារ ដ៏មុតមាំ នៅក្នុងភូមិសាស្ត្រឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ព្រំប្រទល់ខេត្តកំពង់ស្ពឺ-តាកែវ)។

គម្រោងជួសជុលសា្តរឡើងវិញនេះ ត្រូវបានធ្វើឡើងតាមអនុសាសន៍ណែនាំពី ឯ. ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងបានចង្អុលបង្ហាញដោយ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ឱ្យលោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ សម្រេចការងារមួយនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

គូសបញ្ជាក់ផងថា ស្ពានឈើពុកផុយនេះ មានប្រវែង ៤០ម៉ែត្រ ត្រូវបានស្តារមកជា ស្ពានដែកក្រាលក្តារប្រវែង១៥ម៉ែត្រ និងចាក់ដីក្បាលស្ពានប្រមាណ ៥០០០០ម៉ែត្រគីប ព្រមទាំងដាំបង្គោលសងខាង ផ្លូវក្រាលក្រួសក្រហម ផងដែរ។

 

ប្រភព៖ ឯ. ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន