គិតមកដល់ថ្ងៃទី ១២កុម្ភៈនេះ គម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ!


កោះកុង៖ ផ្លូវជាតិលេខ៤៨ គឺជាកំណាត់ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង មានប្រវែងសរុប ១៤៨,០៣ គីឡូម៉ែត្រ ដែលកំពុងត្រូវបាន លើកកម្រិតគុណភាព ជាប្រភេទបេតុងកៅស៊ូ (AC) ហើយបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាព តាមការគ្រោងទុក នៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ 

ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ ដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ ដោយសារតែវត្តមានគម្រោងផ្លូវជាតិលេខ ៤៨ គឺគ្រោងនឹងដាក់ដំណើរការសាកល្បង ឲ្យបានមុនចូលឆ្នាំខ្មែរតែម្តង។

គូសបញ្ជាក់ផងថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយ សក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ 

ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សម្តៅរួមចំណែក ក្នុងការជម្រុញ ការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ផងដែរ។

 

ប្រភព៖ ទំព័រហ្វេសបុកផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី