គម្រោងសាងសង់ស្ថានីយបូមទឹកបឹងសាឡាង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី គិតមកដល់ពាក់កណ្តាលខែកុម្ភៈនេះ សម្រេចការងារសាងសង់ ៣៥%
ភ្នំពេញ៖ គម្រោងស្ថានីយ៍បូមទឹកបឹងសាឡាង នៅពេលសាងសង់រួចរាល់ ត្រូវបានគេវាស់ស្ទង់ថា មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ដោយមានបំពាក់ម៉ូទ័របូមទឹកខ្នាតធំទំហំអង្កត់ផ្ចឹត ១,៥ម៉ែត្រ ចំនួន ២គ្រឿង។
គម្រោងនៃស្ថានីយមួយនេះ មានទីតាំងក្នុងខណ្ឌទួលគោក ដែលជាផ្នែកមួយនៃ គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គម្រោងនេះ នឹងកាត់បន្ថយទឹកជន់លិច ដោយទឹកភ្លៀងនៅភូមិសាស្ត្រ ក្នុងខណ្ឌទួលគោក រួមមាន មហាវិថីម៉ៅសេទុង ស្តុបម៉ុងឌីយ៉ាល់ ស្តុបផ្សារដេប៉ូ និងមហាវិថីកម្ពុជាក្រោម ជាដើម។
គួរឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ការដ្ឋានសម្រេចលទ្ឋផលសាងសង់ បាន ៣៥% ហើយ និងត្រូវបញ្ចប់ នៅចុងខែមិថុនាឆ្នាំ២០២៥ខាងមុខ ផងដែរ។
ប្រភព៖ សាធារណការ រាជធានីភ្នំពេញ