សិង្ហបុរី បញ្ចេញកញ្ចប់ថវិកា ៣,៧ ពាន់លានដុល្លារអាមេរិក បន្ថែមទៅក្នុង គម្រោងនៃការអភិវឌ្ឍ អាកាសដ្ឋានអន្តរជាតិ Changi និងសាងសង់ស្ថានីយទី៥ (Terminal5) របស់វា!


សិង្ហបុរី៖ នាពេលថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំ របស់ប្រទេសសិង្ហបុរី បាននិយាយថា សិង្ហបុរីនឹងចំណាយថវិកាបន្ថែមចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក បន្ថែមទៀត ទៅលើការធ្វើឱ្យប្រសើរឡើង លើអាកាសយានដ្ឋានអន្តរជាតិ Changi រួមទាំងស្ថានីយទី៥ នៃអាកាសដ្ឋានដ្ឋានមួយនេះ ខណៈដែលសិង្ហបុរី ក៏កំពុងស្វែងរកលទ្ធភាព ក្នុងការរក្សាតំណែងរបស់ខ្លួន ជាមជ្ឈមណ្ឌលអាកាសចរណ៍កំពូល របស់ពិភពលោក។ 

ជាក់ស្តែង លោកនាយករដ្ឋមន្រ្តី Lawrence Wong បានប្រកាសពី ការទម្លាក់កញ្ចប់ថវិកាថ្មី ខណៈពេលដែលលោកបានបង្ហាញពី ថវិការដ្ឋឆ្នាំ ២០២៥ ដែលរួមបញ្ចូលផងដែរ នូវការលើកទឹកចិត្ត ជាសាច់ប្រាក់យ៉ាងទូលំទូលាយ សម្រាប់ប្រជាជនសិង្ហបុរី នៅមុនការបោះឆ្នោតនៅចុងឆ្នាំនេះ។ 

ក្នុងឋានៈជានាយករដ្ឋមន្ត្រីផង និងបម្រើការក្នុងតួនាទីពីរ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង លោក Wong បាននិយាយថា ផ្នែកមួយនៃមូលនិធិ នឹងត្រូវបានប្រើ ដើម្បីសាងសង់ស្ថានីយទី៥ នៅអាកាសយានដ្ឋាន បន្ទាប់ពីបានកត់ត្រា ចំនួនអ្នកដំណើរប្រហែល ៦៧,៧ លាននាក់ ឆ្លងកាត់ច្រកទ្វាររបស់ខ្លួន កាលពីឆ្នាំ២០២៤។ 

លោកនាយករដ្ឋមន្ត្រី បានបន្តថា៖ «នៅពេលបញ្ចប់ការសាងសង់ ស្ថានីយទី ៥ នឹងពង្រីកសមត្ថភាពអាកាសយានដ្ឋានរបស់យើង បានជាង ៥០% ហើយនឹងធានាថា សិង្ហបុរីនៅតែជាច្រកទ្វារសំខាន់ សម្រាប់ការធ្វើដំណើរ និងពាណិជ្ជកម្មពិភពលោក»។ 

លោកបានបន្ថែមថា ការបញ្ចូលទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារសិង្ហបុរី (៣,៧ ពាន់លានដុល្លារអាមេរិក) ទៅកាន់មូលនិធិអភិវឌ្ឍន៍ អាកាសយានដ្ឋាន Changi នឹង "ធានាបាននូវធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលអាកាសរបស់យើង"។ 

ក្រុមមន្ត្រីរបស់សិង្ហបុរី ក៏បានរម្លឹកឲ្យដឹងដែរថា ស្ថានីយទី៥ ត្រូវបានស្នើឡើងជាលើកដំបូង នៅក្នុងឆ្នាំ ២០១៣ ហើយការសាងសង់ ត្រូវបានគេរំពឹងថា នឹងដំណើរការនៅចុងឆ្នាំនេះ បន្ទាប់ពីការពន្យារពេល នៃជម្ងឺរាតត្បាតកូវីដ១៩។ 

ស្ថានីយថ្មីនេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ វានឹងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយ នៅអាស៊ី ដែលមានក្រុមហ៊ុនអាកាសចរណ៍ជាង ១០០ ប្រតិបត្តិការពីព្រលានយន្តហោះ។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សិង្ហបុរី ក៏បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីបានដាក់ប្រាក់ចំនួន ៣ពាន់លានដុល្លារសិង្ហបុរី នៅក្នុងមូលនិធិអភិវឌ្ឍន៍ អាកាសយានដ្ឋានរបស់ខ្លួនក្នុងឆ្នាំ ២០១៥ នៅពេលដែលវាត្រូវបានបង្កើតឡើង ដោយបន្ថែម ១ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ ២០១៦ និង ២ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ ២០២៣។

ប្រភព៖ AFP