ផ្លូវជាតិលេខ១១ មានប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ខ្សែផ្លូវមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
ផ្លូវជាតិលេខ១១ តភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរ ដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖
១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវ ជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង
និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិ លេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤។
បច្ចុប្បន្ន ផ្លូវជាតិលេខ១១ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន