សៀមរាប៖ យោងតាមរបាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុល កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម ដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើន។
ជាក់ស្តែងក្នុងការងារគម្រោងនោះដែរ ប្រធានគ្រប់គ្រងការដ្ឋានជួសជុល នៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar បានឱ្យដឹងថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញ កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម មានប្រវែងសរុបចំនួន៣០ម៉ែត្រ។
លោកប្រធានគ្រប់គ្រងការដ្ឋាន បញ្ជាក់ថា រចនាសម្ពន្ធនៃកំពែងថ្មបាយក្រៀម បានខូចខាតយ៉ាងច្រើន ជាពិសេសដើមឈើ រលំសង្កត់ពីលើ និងកត្តាអាយុកាលនៃសំណង់ ធ្វើឱ្យគុណភាពនៃគ្រឹះខាងក្រោម បានថមថយ ចំណែកថ្មបាយក្រៀម ក៏បានបែកបាក់មួយចំនួន។ ហេតុដូច្នេះ ក្រុមការងារនៅទីនេះ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីសិក្សាពី ស្ថានភាពគ្រឹះនៃកំពែង ទើបចាប់ផ្តើមធ្វើសម្រង់ប្លង់ បង់លេខនិងចុះបញ្ជីថ្មបាយក្រៀម។
បន្ទាប់មក បន្តការងារជួសជុលពង្រឹងគ្រឹះខាងក្រោម ដែលពុកផុយ រៀបចំជួសជុលថ្មដែលខូចខាត ឬបែបបាក់ ទើបរៀបចំផ្គុំថ្មសាកល្បង មុនរៀបចំទៅកាន់ ទីតាំងដើមវិញ ដោយអនុវត្តតាមលំនាំពីបុរាណ។
ដោយសារស្ថានភាពរបស់ថ្មបាយក្រៀមខ្លះ មានសភាពពុកផុយ និងខូចខាតច្រើន ប៉ុន្តែអ្នកជំនាញនឹងព្យាយាមជួសជុល និងប្រើប្រាស់ថ្មចាស់ ឱ្យអស់ពីលទ្ធភាពមុននឹង សម្រេចជំនួសដោយថ្មថ្មី។ ការងារនេះ គ្រោងចំណាយពេលចំនួន៦ខែ ទើបរួចរាល់ ដោយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥មក។
បន្ថែមពីនេះ អ្នកជំនាញក៏បានបញ្ជាក់ទៀតថា ចំពោះដំណើរការជួសជុលកំពែង នៃប្រាសាទតាព្រហ្ម ក្រុមការងារបានសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយអនុវត្តទៅតាម ដំណាក់កាលៗ និងតាមអនុសាសន៍ អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធ នៃកំពែងទាំងមូល មានលំនឹង អាចទ្រទម្ងន់យ៉ាងរឹងមាំ បន្តអាយុកាលទៅពេលខាងមុខ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា