ភ្នំពេញ៖ កាលពីឆ្នាំ២០២៤ តម្លៃផលិតផលឧស្សាហកម្មសរុប របស់កម្ពុជា មានលើសពី ១៥ ពាន់លានដុល្លារ ដោយត្រូវបាន បែងចែកទៅទីផ្សារក្នុងស្រុក ជិត៤ពាន់លានដុល្លារ និងសម្រាប់ទីផ្សារក្រៅស្រុក ជាង១១ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៥កុម្ភៈ កន្លងមកនេះ។
គួរឲ្យដឹងផងថា កម្ពុជា នៅក្នុងឆ្នាំ២០២៤ មានរោងចក្រធំៗចំនួន ២.៤២៥ កំពុងដំណើរការ ក្នុងនោះមានរោងចក្រទើបបង្កើតថ្មីចំនួន ៣២៦ និងរោងចក្រចំនួន ២៦ ដែលបានបិទ។ កម្លាំងពលកម្មក្នុងឆ្នាំ២០២៤ មានចំនួនសរុបជាង ១,១ លាននាក់ ដែលក្នុងនោះមាន ៨៥០ ០០០ ជាស្ត្រី ស្មើនឹង ៧៣% កើនឡើង ១១ ០០០ បើធៀបនឹងឆ្នាំ២០២៣។
ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស ក្នុងឆ្នាំ២០២៤ មានតំបន់ប្រតិបត្តិការសរុបចំនួន៣០ នៅទូទាំង១២រាជធានី និងខេត្ត កើនឡើងចំនួន៤ តំបន់ ឬច្រើនជាង១៥%។ ក្នុងចំណោមនោះ សួនឧស្សាហកម្មមានតំបន់ប្រតិបត្តិការចំនួន២០ នៅក្នុងរាជធានី និងខេត្តចំនួន៥ កើនឡើងចំនួន៣ តំបន់ ឬ១៧% បើធៀបនឹងឆ្នាំ២០២៣។
ប្រភពវិនិយោគក្នុង និងក្រៅស្រុក ក្នុងឆ្នាំ២០២៤ មានចំនួន ៣២ប្រភព កើនឡើងចំនួន២ប្រភព ឬជាង ៦% បើធៀបនឹងឆ្នាំ២០២៣ ។
ទាក់ទងនឹងទុនវិនិយោគក្នុងឆ្នាំ២០២៤ ការវិនិយោគសរុប ក្នុងវិស័យឧស្សាហកម្មមានចំនួនជាង ២០ពាន់លានដុល្លារ ក កើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២៣។ ទុនវិនិយោគក្នុងស្រុក មានចំនួនជិត៤ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ១៩% នៃការវិនិយោគសរុប។
របាយការណ៍ថ្លែងថា៖«នៅឆ្នាំ២០២៤ តម្លៃផលិតផលសរុបរបស់វិស័យនេះ មានចំនួនជាង១៥ ពាន់លានដុល្លារ ថយចុះប្រមាណ ៧% បើធៀបទៅនឹងឆ្នាំ២០២៣។ ក្នុងនោះ តម្លៃបរិមាណផលិតផល បម្រើទីផ្សារក្នុងស្រុកមានចំនួនជិត៤ ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥% ខណៈដែលការនាំចេញសរុប មានចំនួនជាង ១១ពាន់លានដុល្លារ ថយចុះ ៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣»។
ថ្លែងក្នុងពិធីបិទកាលពីថ្ងៃទី ២៦កុម្ភៈកន្លងទៅថ្មីៗនេះ ឯ. ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា សមិទ្ធផល និងវឌ្ឍនភាពរបស់ក្រសួង ក្នុងឆ្នាំ ២០២៤ បង្ហាញថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអភិវឌ្ឍប្រកបដោយចីរភាព ធ្វើពិពិធកម្ម និងលើកកម្ពស់ស្តង់ដារ ទំនួលខុសត្រូវបរិស្ថាន និងសង្គមខ្ពស់។
ឯ. រដ្ឋមន្ត្រី បានបន្ថែមដែរថា វិស័យឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងរួមចំណែកប្រហែល ៨,៥% នៃកំណើន GDP ក្នុងឆ្នាំ២០២៤ និងប្រមាណ ៨,៦% នៅឆ្នាំ២០២៥ នេះផងដែរ។
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍