ភ្នំពេញ៖ កម្ពុជា ដែលមានសេនាធិការជាក្រសួងទេសចរណ៍ បានកំណត់ចេញនូវយុទ្ធសាស្ត្រ រៀបចំ កែលម្អ ដោះស្រាយ ទៅលើផ្នែកនានាទាក់ទងនឹង ប្រព័ន្ធទេសចរណ៍ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបានកាន់តែច្រើននៅក្នុងឆ្នាំនេះ ជាមួយនឹងផែនការ ៧,៥លាននាក់។
នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦កុម្ភៈនេះ ឯ. ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ «វិស័យទេសចរណ៍ ត្រូវបានព្យាករណ៍ថានឹងឃើញមាន កំណើនគួរឱ្យកត់សម្គាល់ នៃភ្ញៀវទេសចរបរទេស ដើម្បីសម្រេចនូវដល់គោលដៅ ដែលបានកំណត់ចំនួន ៧,៥ លាននាក់ក្នុងឆ្នាំ២០២៥។»
ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួង គ្រោងនឹងដាក់ចេញនូវ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយចំនួន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ទៅកាន់បណ្តាប្រទេសក្នុងពិភពលោក។
ឯ. រដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា “ដើម្បីសម្រេចបានគោលដៅប្រកបដោយមហិច្ឆតា យើងត្រូវដោះស្រាយបញ្ហាជាច្រើន រួមទាំងព័ត៌មានក្លែងក្លាយអំពី វិស័យទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនឹងនោះ យើងត្រូវលើកកម្ពស់វិស័យនេះ ទៅកាន់ពិភពលោក ពង្រឹងសន្តិសុខទេសចរណ៍ សម្រួលការធ្វើដំណើរដ៏របស់ភ្ញៀវទេសចរ ពង្រឹងកញ្ចប់សេវាកម្មទេសចរណ៍ លើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ផងដែរ។”
រាជរដ្ឋាភិបាល តាមរយៈ ក្រសួងទេសចរណ៍ នៅតែបន្តផ្សព្វផ្សាយ និងផ្តល់ការលើកទឹកចិត្តផ្សេងៗ ដល់វិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ការបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា មកម៉្លេះ។ ទិដ្ឋាការប្រភេទ (T) ត្រូវបានបញ្ចុះតម្លៃបន្ថយពី ៣៦ ដុល្លារ ទៅ៣០ ដុល្លារ ហើយទិដ្ឋាការប្រភេទ (E) ត្រូវបានបញ្ចុះតម្លៃពី ៤២ដុល្លារ ទៅ៣៥ ដុល្លារ។
លើសពីនេះ ក្រសួងទេសចរណ៍ ក៏បានជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូត/តំណាងបរទេសនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ ស្ថានទូត-ស្ថានកុងស៊ុលកម្ពុជានៅក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ គោលដៅទេសចរណ៍កម្ពុជា ផងដែរ។
គួររម្លឹកផងថា កាលពីឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧ លាននាក់ កើនឡើង ២៣% ពីចំនួន ៥,៤៥ លាននាក់កាលពីឆ្នាំ ២០២៣។ វិស័យទេសចរណ៍រកចំណូលបាន ៣,៦៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង ១៧,៨% ពី ៣,០៨ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។
ប្រភព៖ ក្រសួងទេសចរណ៍