គ្រឹះស្ថានអង្គរ ប្រកាសពីចំណូលជាង ១៣លានដុល្លារ ក្នុងពេល ២ខែដំបូងនៃឆ្នាំ២០២៥ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសជិត ២៨ម៉ឺននាក់!


សៀមរាប៖ គ្រឹះស្ថានអង្គរ ទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

ប្រាក់ចំណូលដែលទទួលបានខាងលើនេះ គឺជាចំនួនកើនឡើងប្រមាណ ១៧,២១% បើប្រៀបធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២៤។

គ្រឹះស្ថានអង្គរ ក៏បានឲ្យដឹងផងថា ប្រាក់ចំណូលចំនួន ៥៥៩ ២០៨ដុល្លារ ត្រូវបានឧបត្ថម្ភ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។

ដូចគ្នានេះដែរ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរ ទទួលបានចំណូល ពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧ ១១០ដុល្លារ ភ្នំក្បាលស្ពាន ១ ៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០ ១៤៣ដុល្លារផងដែរ។ 

 

ប្រភព៖ គ្រឹះស្ថានអង្គរ