គម្រោងវិនិយោគថ្មីចំនួន ៤៩១គម្រោង ជាមួយទុនវិនិយោគសរុបខ្ទង់ ៧,២ពាន់លានដុល្លារ អាចបង្កើតការងារប្រមាណ ៣៤០ពាន់កន្លែង ត្រូវបាន CDC អនុម័ត ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥


កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤៩១ ក្នុងរយៈពេលគិតចាប់ពី ខែមករាដល់ខែសីហាឆ្នាំ២០២៥ នេះ ពោលគឺកើនឡើងពីចំនួន ៤១៤ គម្រោង ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

គម្រោងវិនិយោគថ្មីទាំង ៤៩១គម្រោង បានចុះបញ្ជីសរុបក្នុងតម្លៃចំនួន ៧,២ពាន់លានដុល្លារ កើនឡើង ៥០% ព្រមទាំងសន្និដ្ឋានថាអាច បង្កើតការងារថ្មីជូនប្រជាពលរដ្ឋខ្ទង់ ៣៤០ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគថ្មីខាងលើ វិស័យ​ផលិត​កម្ម​ ទទួល​បាន​ទុន​វិនិយោគ​ចំនួន ៥ពាន់​លាន​ដុល្លារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១,៨ពាន់លាន​ដុល្លារ ខណៈ​វិស័យ​កសិឧស្សាហកម្ម​ទទួល​បាន ៣៧០លាន​ដុល្លារ និង​វិស័យ​ទេសចរណ៍ ១៧៥លាន​ដុល្លារ។

ប្រភពវិនិយោគពីប្រទេសចិនមាន ៥២,៨២% នៃការវិនិយោគសរុប បន្ទាប់មកអ្នកវិនិយោគក្នុងស្រុកមាន ៣១,២៦%។ ក្រៅពីនេះមាន អ្នកវិនិយោគផ្សេងទៀត មកពីប្រទេសសិង្ហបុរី វៀតណាម British Virgin ចក្រភពអង់គ្លេស Cayman Bermuda សហរដ្ឋអាមេរិក និងសាម័រ។

ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគយ៉ាងច្រើន ដោយមាន ១១៧ និង ១១៣ រៀងគ្នា ហើយគម្រោងវិនិយោគសរុបជាង ១៩១ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ប្រភព៖ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយថ្ងៃទី ៣កញ្ញាឆ្នាំ២០២៥