គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ម៉ែត្រ ដែលក្នុងនោះ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែទិសចរាចរណ៍ ចំនួន៤ខ្សែ។
គម្រោងសាងសង់ស្ពានដ៏សំខាន់មួយនេះ តាមផែនការ នឹងប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)។
គួររម្លឹកផងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ឲ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងអនុវត្ត គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
យ៉ាងណា ក្នុងអំឡុងពេលនៃការសាងសង់នេះ កំណាត់ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន