ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ nham24 នឹងបិទដំណើរការទាំងស្រុង នៅថ្ងៃទី ៣០កញ្ញាឆ្នាំ២០២៥ នេះ!


nham24 ត្រូវបានដឹងថា បង្កើតឡើងដោយ លោក ចាន់ បូរីម៉ា ក្នុងឆ្នាំ២០១៦ ដែលកម្មវិធីនេះដំណើរការដោយ ក្រុមហ៊ុន Go24 (Cambodia) Co. Ltd និងបានក្លាយជា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជន ពាណិជ្ជករ និងអ្នកដឹកជញ្ជូនយ៉ាងហោចណាស់ ១លាននាក់។

យ៉ាងណា នៅចុងឆ្នាំ២០២៤ nham24 ត្រូវបាន Grab ដែលជាក្រុមហ៊ុនសិង្ហបុរី មានចុះបញ្ជីក្នុង Nasdaq ទិញយក ដោយមិនបង្ហាញ តម្លៃក្នុងការទិញយកឡើយ។ គួរឲ្យដឹងដែរថា ចាប់តាំងពីការទិញយកមក កម្មវិធី nham24 បាន ដំណើរការដោយឯករាជ្យ ខណៈពេលដែលវាស្ថិត នៅក្នុងដំណើរការនៃការរួមបញ្ចូល ទៅក្នុងប្រព័ន្ធរបស់កម្មវិធី Grab។

យ៉ាងណាវេទិកាពាណិជ្ជកម្ម (nham24) មួយនេះ នឹងត្រូវបិទដំណើរការទាំងស្រុង នៅចុងខែកញ្ញាឆ្នាំ២០២៥ នេះហើយ ដោយក្រុមហ៊ុន បានស្នើឲ្យដល់អតិថិជន និងអ្នកដឹកជញ្ជូន របស់ nham24 ទាំងអស់ ដែលនៅមានសមតុល្យក្នុងគណនីរបស់ពួកគេ ឱ្យធ្វើការដកប្រាក់ដែលនៅសេសសល់ របស់ពួកគេ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃដែលកម្មវិធីក្នុងទូរសព្ទដៃមួយនេះ បិទដំណើរការតែម្តង។

 

ប្រភព៖ nham24