គិតត្រឹមដំណាច់ខែសីហាឆ្នាំ២០២៥ គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%។
តាមផែនការ ស្ពាននេះ មានរយៈពេលសាងសង់ ៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ជាស្ពានទី៧ តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពាន ដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។
នៅពេលសាងសង់រួច ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នេះ នឹងជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់ ជាដើម។
ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាព គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅព្រឹកថ្ងៃទី ១១កញ្ញាឆ្នាំ២០២៥ នេះ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ គោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព។
បន្ថែមពីនេះ ឯ. រដ្ឋមន្ត្រី ក៏បានជម្រុញ ក្រុមហ៊ុនពន្លឿន ការងារសាងសង់ផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀត ដោយហេតុថារដូវវស្សា ទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនតាមផ្លូវទឹក ផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន