ក្នុងឱកាសជំនួបសម្តែងការគួរសម និងកិច្ចពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី ៩កញ្ញឆ្នាំ២០២៥ កន្លងទៅ រវាង ឯ. ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯ. Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការការ នៃការបេីកទីផ្សារផលិតផលកសិកម្ម ការធានាសន្តិសុខស្បៀង និងការជម្រុញកសិ-ពាណិជ្ជកម្មរវាង កម្ពុជា-ហ្វីលីពីន។
ក្នុងនោះដែរ ឯ. រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានបង្ហាញពីសុទិដ្ឋនិយមខ្ពស់ ក្នុងការជម្រុញការងារនាំចេញ កសិផលកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា មានកសិផលដែលមានភាពប្រណិត និងគុណភាពល្អៗជាច្រើន ជាពិសេសស្រូវអង្ករក្រអូប ដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។
ជាមួយគ្នានេះដែរ ឯ. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានលេីកឡេីងពី តម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងកំណើនប្រជាជនហ្វីលីពីន ក្នុងនោះមានដូចជា៖ អង្ករ ត្រី សាច់ និងបន្លែជាច្រើន។ លើសពីនេះ ភាគីហ្វីលីពីន ត្រៀមស្វាគមន៍ ផលិតផលកម្ពុជា ចូលក្នុងទីផ្សារហ្វីលីពីន សម្តៅបង្កេីនការធ្វេីពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម រវាងប្រទេសទាំងពីរ។
គូសសម្គាល់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានបញ្ចប់ជាមួយលទ្ធផលផ្លែផ្កា ដោយគណៈប្រតិភូទាំងពីរ ឈរលេីគោលជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ធានានូវសន្តិសុខស្បៀង និងជម្រុញកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ព្រមទាំងបន្ត ទៅបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងកសិដ្ឋានបន្លែ នៃសហគមន៍កសិកម្មទំនេីបត្រាំកក់ ផងដែរ។
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ