កាលពីថ្ងៃទី ៩កញ្ញាឆ្នាំ២០២៥ កន្លងទៅ វិនិយោគិនជប៉ុន នៅប្រទេសថៃ ដោយមានការព្រួយបារម្ភជុំវិញ ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងលំហូរពាណិជ្ជកម្ម ក្នុងតំបន់ បានជម្រុញឲ្យរដ្ឋាភិបាលថៃ បើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ សម្រាប់ការដឹកជញ្ជូនទំនិញ។
គួរឲ្យដឹងដែរថា សំណើរនេះ ក៏ត្រូវបានលើកយកទៅពិភាក្សា នៅក្នុងកិច្ចប្រជុំចុងក្រោយ នៃគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលបក្សភឿថៃ ផងដែរ។
អ្នកវិនិយោគជប៉ុន បានគូសបញ្ជាក់ថា ការបន្តបិទច្រកព្រំដែន ជាមួយកម្ពុជា កំពុងប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញ និងប្រសិទ្ធភាព នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅទូទាំងតំបន់។ ពួកគេ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនជប៉ុនជាច្រើន ដែលកំពុងប្រតិបត្តិការ ក្នុងប្រទេសថៃ និងកម្ពុជា ពឹងផ្អែកលើការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន អោយទាន់ពេលវេលា សម្រាប់ផលិតផល ចាប់ពីទំនិញកសិកម្ម រហូតដល់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ជាដើម។
ពួកគេបានបន្ថែមថា ការរអាក់រអួល បានបង្កើនការចំណាយ ការដឹកជញ្ជូនត្រូវបានពន្យារពេល និងបង្កើតភាពមិនច្បាស់លាស់ សម្រាប់អ្នកវិនិយោគដែលពឹងផ្អែកលើ ច្រករបៀងដឹកជញ្ជូន។ ថ្វីបើមានសម្ពាធទាំងនេះក៏ដោយ ក៏គណៈរដ្ឋមន្ត្រីបក្សភឿថៃ មិនបានសម្រេចចិត្តបើកព្រំដែនឡើងវិញទេ ដោយចាត់ទុកថាស្ថានភាព មិនសមស្របនៅដំណាក់កាលនេះ។ ការទទួលខុសត្រូវចំពោះ ការសម្រេចចិត្តត្រូវបានរុញទៅឲ្យ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។
គួររម្លឹកឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់រួចហើយ កម្ពុជាត្រៀមខ្លួន ជាស្រេចក្នុងការបើកច្រកឡើងវិញ នៅពេលដែល រាជរដ្ឋាភិបាលថៃ ចាប់ផ្តើមមុន ដោយប្តេជ្ញាស្តារលំហូរពាណិជ្ជកម្មឡើងវិញ ក្នុងរយៈពេល ៥ម៉ោង បន្ទាប់ពីប្រទេសថៃ លុបចោលការរឹតបន្តឹងរបស់ខ្លួន។
ប្រភព៖ Nation Thailand