ត្រីឆ្លាមត្រូវបានចាត់ទុក ជាសត្វប្រហារដ៏កាចសាហាវមួយនៅក្នុងសមុទ្រ ហើយវាក៏ជាសត្វដែលចូលចិត្តភាពស្ងប់ស្ងាត់ និងប្រឆាំងនឹងធម្មជាតិនៅជុំវិញខ្លួនវាផងដែរ។ ពូជសត្វនេះ មានអាយុកាលខ្ទង់ 450 លានឆ្នាំមកហើយ ដែលត្រូវបានក្រុមអ្នកធ្វើកំណាយប្រវត្តិសាស្ត្របានអះអាងថា ពូជត្រីឆ្លាមមានវ័យចំណាស់ជាងពូជដាយណូស័រដល់ទៅបីដងឯណោះ វាជាឆ្មាំ ប្រហារនៅក្នុងសមុទ្រដ៏សាហាវ រាល់សត្វផ្សេងៗដែលវាប្រទះ វានឹងចាប់ត្របាក់ស៊ីជាអាហារមិនខាន។
បើយោងតាមតារាងទិន្នន័យសមុទ្របានអះអាងថា ជាមធ្យមក្នុងរយៈពេល 5 ឆ្នាំ មនុស្សយើងនៅជុំវិញពិភពលោក បានជួបប្រទះការវាយប្រហារពីពពួកត្រីឆ្លាម ប្រមាណ 84 ករណី/ឆ្នាំ ហើយក៏អាចមានមនុស្សស្លាប់ប្រមាណ 6 នាក់/ឆ្នាំ នេះផងដែរ។ ដូច្នេះគេអាចអះអាងថា ក្នុង 13/14 ភាគ ការវាយប្រហារពីត្រីឆ្លាមមិនធ្វើឲ្យមនុស្សស្លាប់ទេ តែអាចនឹងពិការ ដោយកំបុតដៃ ឬកំបុតជើងជាដើម និងអត្រានៃអ្នកពិការដោយសារសត្វប្រហារប្រចាំសមុទ្រនេះ ក៏មានការកើនឡើងទៀតផង។
ដោយសារតែការរងគ្រោះ ពីការវាយប្រហាររបស់ឆ្លាមសមុទ្រនេះហើយ ទើបមនុស្សយកគ្រឿងសម្រាប់ការពារខ្លួន និងបានបង្កើតជាឧបករណ៍សម្រាប់ដេញឆ្លាម នៅពេលដែលពួកគេធ្វើដំណើរតាមសមុទ្រ ឬចុះមកកម្សាន្តនៅតំបន់សមុទ្រក៏ដោយ។ បច្ចេកវិទ្យា Shark Repellent ត្រូវបានបង្កើតនៅក្នុងទសវត្សឆ្នាំ 1990s ដែលកាលនោះវាត្រូវបានបង្កើតនៅអាហ្វ្រិកខាងត្បូង និងបានផ្អែកលើការបង្កើតវាលអគ្គិសនីគ្របដណ្តប់លើអេឡិចត្រូ ក្នុងការបណ្តេញឆ្លាមដែលមកជិតទូកដែលមានបំពាក់បច្ចេកវិទ្យានេះ។ ក្រោយមកគឺជា Shark Shield ដែលត្រូវបានប្រើនៅតំបន់សមុទ្រអាកទិច ដែលមានថាមពលអានុភាពខ្លាំងជាង Shark Repellent ដល់ទៅបីដងឯណោះ។
មកដល់ពេលថ្មីៗនេះ ក៏ត្រូវបានលេចចេញនូវវត្តមានរបស់ឧបករណ៍ថ្មី ដែលកាន់តែមានប្រសិទ្ធភាព និងធានាសុវត្ថិភាពបានខ្ពស់ជាងមុនទៀតផងដែរ នោះគឺជា “The Ocean Guardian BOAT01”។
វាគឺជាឧបករណ៍ដ៏ធំបំផុតដែលអាចប្រើបាន ជាប្រព័ន្ធការពារត្រីឆ្លាម ហើយត្រូវបានរចនាជាពិសេសសម្រាប់បំពាក់ជាប់ជាមួយនឹងទូកហែលទឹកខ្នាតតូច និងកប៉ាល់។
ឧបករណ៍នេះក៏ត្រូវបានគេដាក់ពង្រាយនៅតាមទូកជាច្រើនសម្រាប់ការពារ ពីការវាយប្រហាររបស់ត្រីឆ្លាមនៅក្នុងសមុទ្រ ហើយវាក៏ត្រូវបានបង្កើតកាន់តែធំថ្មី (FISH01) សម្រាប់ទូកនេសាទធុនធំ នៅតាមមហាសមុទ្រទៀតផង។
វាត្រូវបានបង្កើតថ្មីឲ្យបានកាន់តែប្រសើរជាងមុន ជាផលិតផលសម្រាប់ការពារការមុជទឹកនៅក្នុងមហាសមុទ្រ (The Ocean Guardian FREEDOM7) ដែលមានគន្លងអានុភាពការពារដល់ទៅ 8 ម៉ែត្រ (26 ហ្វីត) និងមានអង្កត់ផ្ចិត 6 ម៉ែត្រ (20 ហ្វីត)។ វាត្រូវបានប្រើប្រាស់ថ្មប្រភេទលីចូម អាចតភ្ជាប់ជាមួយនឹងឧបករណ៍ 4 ព្រមគ្នាដែលបង្កើនអនុភាពបានកាន់តែខ្លាំងជាទម្រង់ “Virtual Net”។ សម្រាប់ឧបករណ៍ BOAT01 មានតម្លៃ $3,000 (ឬ AUD 3,500) និងមានស្តុក 4,000 គ្រឿងនៅការិយាល័យកណ្តាលរបស់ប្រទេសអូស្ត្រាលី។ ដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋរបស់ខ្លួន រដ្ឋាភិបាលអូស្រ្តាលីខាងលិច នឹងផ្តល់ប្រាក់ជូនវិញ AUD 200 សម្រាប់អ្នកដែលបានជាវ BOAT01 មួយគ្រឿង សម្រាប់ប្រើក្នុងការ ការពារប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួន។
រហូតមកដល់ពេលនេះ មានតែផលិតផលពីរប៉ុណ្ណោះ ដែលត្រូវបានអនុម័តនិងទទួលស្គាល់ពីគុណភាពត្រឹមត្រូវ ហើយវាទាំងពីរនេះសុទ្ធតែជាផលិតផលរបស់ The Ocean Guardian។