ធនាគារកូរ៉េ IBK ត្រៀមខ្លួនសហការជាមួយធនាគារឥណ្ឌូនេស៊ីចំនួន ២ និងវាយលុកទីផ្សារអាស៊ីអាគ្នេយ៍!

ធនាគារឧស្សាហកម្មនៃប្រទេសកូរ៉េ Industrial Bank of Korea (IBK) ទើបតែទទួលបានការបើកភ្លើងបៃតងពីសំណាក់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការបង្កើតគម្រោងរួមគ្នាជាមួយធនាគារ ២ ផ្សេងទៀតរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រីកទីផ្សាររបស់ខ្លួនចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែធំឡើង។ IBK ទើបតែទទួលបានការអនុម័ត្តចុងក្រោយពីអាជ្ញាធរក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី OJK ក្នុងការសហការជាមួយធនាគារ Agris Bank និង Mitraniaga Bank ដែលធនាគារទាំង ២ នេះត្រូវបានក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី ទើបតែបានទិញយកកាលពីខែមករា។ 

ក្នុងកិច្ចសហការនេះដែរ ធនាគារប្រទេសកូរ៉េ នឹងត្រូវបោះទុនទៅលើឈ្មោះធនាគារថ្មី IBK Indonesia Bank ហើយត្រៀមនឹងចុះបញ្ជីនៅក្នុងខែកញ្ញាខាងមុខនេះ ដាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីមុនគេ ដោយវាជាធនាគាររបស់ឥណ្ឌូនេស៊ី ក្រោមការជ្រោមជ្រែងពីធនាគារពាណិជ្ជកម្មកូរ៉េ ហើយក៏ត្រៀមនឹងបើកផ្លូវដល់វិនិយោគិនរបស់កូរ៉េ កាន់តែងាយស្រួលក្នុងការមកវិនិយោគនៅឥណ្ឌូនេស៊ីផងដែរ។ គោលដៅធំរបស់ IBK គឺត្រៀមនឹងបើកសាខាធនាគាររបស់ខ្លួនក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ យ៉ាងហោចណាស់ ៣០ ទៅ ៥៥ ធនាគារបន្ថែមទៀត ត្រឹមឆ្នាំ ២០២៣។ 

ប៉ុន្ដែគូសបញ្ជាក់បន្ដិចថា ធនាគារ IBK នេះកំពុងមានសាខាស្រាប់ទៅហើយក្នុងប្រទេសមួយចំនួនតំបន់អាស៊ីអាគ្នេយ៍នេះ ដែលក្នុងនោះមានប្រទេសមីយ៉ាន់ម៉ា បើកដំណើរការក្នុងឆ្នាំ ២០១៧, ប្រទេសវៀតណាម ទើបតែបើកក្នុងទីក្រុងហូជីមិញ កាលពីឆ្នាំមុន, និងប្រទេសកម្ពុជា ទើបតែបើកដំណើរការកាលពីខែធ្នូ ឆ្នាំ ២០១៨ ដែលមានទីតាំងស្ថិតនៅ អូឡាំព្យា ស៊ីធី (Olympia City)។ 

ដូចនេះក្នុងរយៈពេលចុងក្រោយនេះ ផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េហាក់ដូចជាធ្វើសកម្មភាពច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសម្លឹងឃើញអំពីភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ និងការស្វែងរកកិច្ចសហការភ្ជាប់បណ្ដាញហរិញ្ញវត្ថុសកល ដើម្បីងាយស្រួលក្នុងប្រតិបត្តិការអាជីវកម្មកូរ៉េ នៅឯនាយសមុទ្រ។ ជាក់ស្ដែង IBK កំពុងមានគម្រោងបន្ថែមសាខាចំនួន ២ ផ្សេងទៀតក្នុងប្រទេសវៀតណាម ហើយក៏កំពុងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសដទៃទៀតនៅអាស៊ីផងដែរ។