សិង្ហបុរី និងសៀងហៃ កំពុងប្រជែងជាមួយហុងកុង ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកំពូល!

ហុងកុង ដែលត្រូវបានគេប្រសិទ្ធនាមឲ្យថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្រិតខ្ពស់ជាងគេនៅអាស៊ី កំពុងតែត្រូវបាត់បង់កេរ្តិ៍ឈ្មោះបន្ដិចម្ដងៗ ដោយសារតែការប្រជែងគ្នាខ្លាំងជាមួយទីក្រុងនាគសេដ្ឋកិច្ចដ៏ទៃផ្សេងទៀតនៅអាស៊ី និងស្ថានភាពតានតឹងផ្នែកនយោបាយ។ មហិច្ឆតាចូលគ្រប់គ្រងទឹកដីហុងកុង ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិបត្តិសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុហុងកុង ដោយបច្ចុប្បន្ននេះ ជំនួញភាគហ៊ុននៅទីក្រុងហុងកុង បានធ្លាក់ចុះមកតិចជាងទីក្រុងសៀងហៃបន្ដិចបាត់ទៅហើយ ខណៈពេលដែលសិង្ហបុរីកំពុងរីកឡើងយ៉ាងខ្ពស់បំផុត។ 

ហុងកុង សៀងហៃ និងសិង្ហបុរី ទីក្រុងទាំង ៣ ពេលនេះសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួនទៅលើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងអចលនទ្រព្យ។ ហុងកុង ស្ថិតនៅទីតាំងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិល្អបំផុត ប៉ុន្តែអចលនទ្រព្យតម្លៃខ្ពស់ខ្លាំង ហើយផ្នែកឧស្សាហកម្មក៏មិនខ្ពស់ដូចសៀងហៃដែរ ។ សៀងហៃ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈត្រឹមតែ ៣០ ឆ្នាំ ហើយកំពុងទទួលជំនួញភាគហ៊ុនច្រើនហុងកុងទៀតពេលនេះ។ ចំណែកឯសិង្ហបុរី នៅចំណុចកណ្ដាលនៃទីក្រុងទាំង ២ ខាងលើ និងផ្ដោតសំខាន់ផ្នែកសេវាកម្ម។ តាមទិន្នន័យរបស់ Bloomberg បានបង្ហាញឲ្យដឹងថា ភាគហ៊ុនជួញដូរហិរញ្ញវត្ថុ (IPO) នៅក្រុងហុងកុង កាលពីឆ្នាំមុនមានទំហំសរុប ៣៦ ៨០០ លានដុល្លារ ដែលធ្វើឲ្យហុងកុងជាទីក្រុងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុតនៅអាស៊ី។ ប៉ុន្តែឆ្នាំ ២០១៩ បញ្ហាជាច្រើនបានកើតឡើង ធ្វើឲ្យទំហំនៃការទិញផ្សារភាគហ៊ុនធ្លាក់ចុះ ហើយទីក្រុងដែលប្រជែងជាមួយហុងកុងខ្លាំងបំផុតគឺសៀងហៃ។ 

អ្នកជំនាញលោក KC Chan អតីតលេខាធិការសេវាកម្មហិរញ្ញវត្ថុនិងរតនាគារ បានលើកឡើងថា ទំហំនៃដំណើរការផ្សារភាគហ៊ុនខ្ពស់នេះ វាបានបង្ហាញអំពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅទីក្រុងមួយ ហើយក៏បង្ហាញពីការគ្រប់គ្រងទ្រព្យផងដែរ។ ចំណែកឯភាពរីកចម្រើនដ៏ឆាប់រហ័សនៃទីក្រុងសៀងហៃ គេអាចប្រៀបធៀបបាន ៤ ចំណុចជាមួយហុងកុង។ 

១. មជ្ឈមណ្ឌលពាណិជ្ជកម្ម

ហុងកុង គឺជាទីក្រុងនៃតំបន់រដ្ឋបាលពិសេស ដូចនេះហុងកុងទទួលបានការវិនិយោគនិងជំនួញពីបរទេសច្រើន ខណៈពេលដែលទីក្រុងសៀងហៃស្ថិតនៅក្រោមច្បាប់រដ្ឋបាលប្រទេសចិន និងមានការវិនិយោគក្នុងស្រុកស្ទើទាំងស្រុង។ ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏គេឃើញយ៉ាងច្បាស់ថា ពាណិជ្ជកម្មនៅទីក្រុងសៀងហៃមិនអន់ឡើយ ដោយវាឡើងមកកម្រិតកំពូលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយខេត្តមួយនេះបានក្លាយទៅជាតំបន់ពាណិជ្ជកម្មសំខាន់របស់ចិន នៅត្រឹមរយៈពេលមិនដល់ ៤០ ឆ្នាំផង។ 

២. សក្ដានុពលហិរញ្ញវត្ថុ

នៅមុនឆ្នាំ ១៩៩៧ ទឹកដីហុងកុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសហើយផ្នែកផ្សារភាគហ៊ុនត្រូវបានគ្រប់គ្រងដោយ London Stock Exchange Group ប៉ុន្តែពេលនេះគឺ Hong Kong Exchanges & Clear Ltd. ចំណែកឯនៅសៀងហៃគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតរបស់ចិនមាន Shanghai Stock Exchange ដែលមានភាពងាយស្រួលជាសម្រាប់វិនិយោគិនបរទេស អាចវិនិយោគនៅក្នុងទីក្រុងដ៏ទៃផ្សេងទៀតក្នុងប្រទេសចិនទាំងមូល ខណៈភាគហ៊ុនរបស់ហុងកុងអាចវិនិយោគនៅទឹកដីហុងកុងប៉ុណ្ណោះ។ លើសពីនេះ គេក៏សង្កេតឃើញអំពីការធ្លាក់ចុះនៃផ្សារភាគហ៊ុនហុងកុង ដែលវិនិយោគិនបានផ្លាស់ប្ដូរទៅប្រទេសសិង្ហបុរីជាច្រើន ជាមួយការខាតបង់ទឹកប្រាក់ ៤ ពាន់លានដុល្លារផងដែរ យោងតាមរបាយការណ៍ Goldman Sachs Group។

៣. កំណើនសេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃ បានធ្វើឲ្យតម្លៃនៃរូបិយប័ណ្ណប្រាក់យ័នរបស់ចិន បន្ដរមានតម្លៃខ្ពស់ជាលំដាប់ ជាផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រសិនបើមើលទៅលើចំណាត់ថ្នាក់ ទីក្រុងដែលមានសេដ្ឋកិច្ចប្រកួតប្រជែង (Global Competitiveness Index ២០១៩) របស់ស្ថាប័ន World Economic Forum គេបង្ហាញថា សិង្ហបុរីស្ថិតចំណាច់ថ្នាក់លេខ ១ សហរដ្ឋអាមេរិចលេខ ២ និងហុងកុងលេខ ៣ ចំណែកឯប្រទេសជារួមស្ថិតនៅលេខ ២៨។ ទោះជាយ៉ាងក៏ដោយ សក្ដានុពលនៃទីក្រុងសៀងហៃមានកំនើនសេដ្ឋកិច្ចខ្ពស់ជាងគេ ហើយរដ្ឋាភិបាលចិនព្យាករណ៍ទុកថា នៅពេលខាងមុខសេដ្ឋកិច្ចសៀងហៃ និងឡើងខ្ពស់ជាងហុងកុងទៅទៀត។ លោក Hubert Tse នាយកក្រុមហ៊ុនច្បាប់ Boss & Young ផ្លាស់ប្ដូរពីហុងកុង មកនៅទីក្រុងសៀងហៃសម្គាល់ឃើញថា មានមហាសេដ្ឋី និងវិនិយោគជាច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅសៀងហៃ ដោយមើលរំលងហុងកុងផងដែរ។

៤. ជីវិតរស់នៅ

ជីវិតរស់នៅ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ជាផ្នែកសំខាន់អាជីវកម្មសកល ហើយប្រសិនបើមើលតាមការចំណាត់ថ្នាក់របស់ស្ថាប័ន The Economist Intelligence គេបង្ហាញនូវតារាងប្រទេសមានស្ថានភាពជំនួញល្អជាងគេក្នុងចំណោមប្រទេសធំៗទាំង ៨២ គឺប្រទេសសិង្ហបុរី ស្ថិតនៅលេខ ១ ហុងកុងស្ថិតនៅលេខ ១០ ចំណែកប្រទេសចិនជារួមនៅចំណាត់ថ្នាក់លេខ ៥៦ ឯណោះ។ នេះក៏ដោយសារតែប្រទេសចិនប្រកាន់នូវគោលនយោបាយអធននិយម ជាមួយសេដ្ឋកិច្ចបើក ដែលជាផលវិបាកសម្រាប់ពាណិជ្ជកម្មបរទេស លើសពីនេះពន្ធនៅក្នុងទីក្រុងសៀងហៃ ក៏ខ្ពស់ជាងសិង្ហបុរីនិងហុងកុងឆ្ងាយផងដែរ។ សម្រាប់សិង្ហបុរី និងហុងកុង សាកសមជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិល្អជាងសៀងហៃ ដោយមានបរទេសមករស់នៅច្រើនផងដែរ ទាំងផ្នែកធ្វើជំនួញ ផ្នែកការសិក្សា ហើយក៏សម្បូរអ្នកចេះភាសាអង់គ្លេសច្រើន មិនដូចទីក្រុងសៀងហៃប្រើប្រាស់ភាសាចិនសុទ្ធតែម្ដង។