ស្វែងយល់ពីផែនការគ្រប់គ្រងទឹកស្អាតនៅប្រទេសសិង្ហបុរី មិនឲ្យខ្វះខាត!

គេហទំព័រ Cambodia Property Report ធ្លាប់បានចុះផ្សាយរៀបរាប់ពីប្រវត្តិនៃការស្ថាបនាប្រភពទឹកសាបនៅប្រទេសសិង្ហបុរី និងផែនការមួយចំនួនសម្រាប់ផ្គត់ផ្គង់ទឹកក្នុងប្រទេសរួចមកហើយ ជាក់ស្ដែងសិង្ហបុរីគឺជាប្រទេសមានទឹកថ្លៃ ព្រោះប្រទេសនេះគ្មានធនធានទឹកពីធម្មជាតិនោះទេ ដោយកាលពីឆ្នាំ ១៩៦០ សិង្ហបុរីបានបំបែកខ្លួនចេញពីម៉ាឡេស៊ី និងត្រូវចុះកិច្ចព្រមព្រៀងទិញទឹកស្អាតរយៈពេល ៥០ ឆ្នាំពីតំបន់ Johor ប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ ២០១១ កិច្ចព្រមព្រៀងនេះត្រូវបានបន្ដររយៈពេល ៥០ ឆ្នាំទៀតរហូតដល់ឆ្នាំ ២០៦១ ដែលសិង្ហបុរីអាចទទួលបានទឹកស្អាតចំនួន ៩៥០ លានលីត្រក្នុងមួយថ្ងៃ។ ជាការពិតណាស់ ការទិញទឹកពីប្រទេសម៉ាឡេស៊ី បានផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៥០% សម្រាប់ប្រទេសសិង្ហបុរី ចំណែក ៥០% ផ្សេងទៀតគឺបានមកពីអាងស្ដុកទឹកទំហំ ២/៣ នៃប្រទេសរបស់ខ្លួន រួមមានការស្ថាបនាទន្លេ បឹងសិប្បនិមិត្តជាដើម, ទឹកដែលចម្រោះឡើងវិញ ពីទឹកប្រើប្រាស់រួច, និងទឹកដែលរំហួតពីសមុទ្រដោយច្រោះសារធាតុខនិជ និងអំបិលទៅជាទឹកសាប។ អញ្ចឹងហើយទើបគេព្យាករណ៍ឃើញថា នៅត្រឹមឆ្នាំ ២០៤០ គឺជាពេលដ៏ពិបាកបំផុតសម្រាប់ដំណោះស្រាយទឹកនៅសិង្ហបុរី ព្រោះកិច្ចព្រមព្រៀងជិតត្រូវបានបញ្ចប់ ស្របពេលដែលកម្ដៅផែនដី បានធ្វើឲ្យកម្រិតទឹកសាបធ្លាក់ចុះបន្ដិចម្ដងៗ។

ជាការពិត នៅក្នុងទ្វីបអាស៊ី ប្រទេសជាច្រើននឹងជួបប្រទះបញ្ហាកង្វះទឹកស្អាត ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ជាក់ស្ដែងប្រជាជនរាប់រយលាននាក់នៅទ្វីបអាស៊ីកំពុងរស់នៅអាស្រ័យលើទន្លេរធំៗចំនួន ១០ ប៉ុន្តែការព្យាករណ៍ឃើញថា ទន្លេ ៤ ក្នុងចំណោមទន្លេទាំង ១០ នោះនឹងត្រូវរីកស្ងួតបន្ដិចម្ដងៗនៅរយៈពេល ៥០ ក្រោយ បើយោងតាម China Water Risk។ ក្នុងនោះដែរ តំបន់ដែលនឹងមានបញ្ហាច្រើនជាងគេបំផុត គឺតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា, ទីក្រុងហ្សាកាតា, និងទីក្រុងម៉ានីល ប្រសិនបើគ្មានដំណោះស្រាយ។

ចំណែក សិង្ហបុរី គឺជាទីក្រុងហិរញ្ញវត្ថុអន្ដរជាតិ ដូចនេះគេមិនអាចត្រូវមានបញ្ហាទៅលើទឹកប្រើប្រាស់នោះទេ ប៉ុន្តែចំពោះវិទ្យាស្ថានធនធានពិភពលោក (World Resource Institute) មើលឃើញថា សិង្ហបុរីជាប្រទេសមានបញ្ហាទឹកសាបលំដាប់ទី ៥ ក្នុងចំណោមប្រទេសទាំង ៣៣ ដែលកំពុងជួបប្រទះកង្វះទឹក។ ចំពោះគោលការណ៍ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកសាប សិង្ហបុរីមានក្រុមហ៊ុនផលិតទឹកស្អាតចំនួន ២០០ ក្រុមហ៊ុន និងមជ្ឈមណ្ឌលស្រាវជ្រាវធនធានទឹកដល់ទៅ ២៥ ទៀត ដើម្បីប្រាកដថា ប្រជាជន ៦ លាននាក់កំពុងរស់នៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្នុងនោះគោលការណ៍កាត់បញ្ហាកង្វះទឹកដែលគេអនុវត្តន៍រួមមាន៖

១. ស្វែងរកឲ្យច្រើន ប្រើប្រាស់តិច 

សិង្ហបុរីតែងប្រកាន់នូវគោលការណ៍ 3R (Reduce, Reuse, និង Recycle) ជាក់ស្ដែងប្រជាជនសិង្ហបុរីជាច្រើនកំពុងព្យាយាមកាត់បន្ថយការចំណាយទៅលើទឹកសម្រាប់ងូត (Shower) ដោយកាត់មកត្រឹមតែ ៤ លីត្រប៉ុណ្ណោះ សម្រាប់ងូតទឹកម្ដង ព្រោះគេយល់ថាវានឹងអាចជួយសន្សំទឹកបានដល់ ៨% នៅត្រឹមឆ្នាំ ២០៣០ ព្រោះពេលនេះ ប្រជាជនកើនឡើងច្រើន នឹងត្រូវការប្រើប្រាស់ទឹកម្នាក់ ១៤១ លីត្រក្នុងមួយថ្ងៃ។

តាំងពីឆ្នាំ ២០០៦ មកសិង្ហបុរីគឺជាប្រទេសដែលបានវិនិយោគខ្លាំងជាងគេបំផុតលើវិស័យធនធានទឹកនៅអាស៊ីអាគ្នេយ៍ ដោយទឹកប្រាក់បានឡើងដល់ ៦៧០ លានដុល្លារ ក្នុងការបង្កើនបច្ចេកវិទ្យាចម្រោះទឹក។ ចំណែកឯការប្រើប្រាស់វិញ គេត្រូវដាក់កំហិតស្ទើគ្រប់ក្រុមគ្រួសារ ដោយជនជាតិសិង្ហបុរីមានតែទឹកសម្រាប់ប្រើប្រាស់ប៉ុណ្ណោះ មិនមានទឹកសម្រាប់ខ្ជះខ្ជាយនោះទេ។

២. ពង្រឹងគុណភាពប្រភពទឹកទាំង ៤ (4 taps strategy)

ថ្វីត្បិតតែការផ្គត់ផ្គង់ប្រភពទឹកនៅសិង្ហបុរីមានគ្រប់ច្រក ប៉ុន្តែការប្រើប្រាស់ក៏ច្រើនផងដែរ ជាក់ស្ដែងដូចបានលើកឡើងហើយថា សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ហើយការប្រើប្រាស់ទឹកគឺមានចំនួន ១.៩៥ ពាន់លានលីត្រក្នុងមួយថ្ងៃ ប្រហែលនឹងទំហំអាងហែលទឹកអូឡាំពិចចំនួន ៧៨២ អាងទឹកឯណោះ។ ហើយចំនួននេះនឹងកើនឡើង ២ ដងនៅរយៈពេល ៤០ ក្រោយស្របពេលដែលកំណើនប្រជាជន និងការប្រើប្រាស់កាន់តែច្រើនឡើង។ 

ដូចនេះដំណោះស្រាយគឺធ្វើយ៉ាងណាឲ្យគុណភាពប្រភពទឹកទាំង ៤ ក្នុងប្រទេសកើនឡើងខ្លាំងដូចគ្នា ដោយប្រភពទឹកទាំងនោះមានដូចជា៖

• អាងស្ដុកទឹកនៅសិង្ហបុរី (Local Catchment Areas) មានចំនួន ១៧ ធំៗក្នុងប្រទេស (Marina Barrage មានទំហំធំជាងគេ) ផ្គត់ផ្គង់ទឹកបានដល់ ៤០% សម្រាប់ប្រើប្រាស់សព្វថ្ងៃ ហើយចំនួននេះរំពឹងកើនឡើង ៦០% នៅឆ្នាំ ២០៦០។

• ការចម្រោះទឹកប្រើប្រាស់ឡើងវិញ (Water Recycling)៖ ប្រសិនបើអ្នកធ្លាប់ទៅកាន់ប្រទេសសិង្ហបុរី យើងនឹងបានដឹងហើយថា គ្រប់ដំណក់ទឹកនៅសិង្ហបុរីដែលហូរទៅក្នុងលូ គឺត្រូវបានចម្រោះឡើងមកប្រើប្រាស់វិញទាំងអស់ តាមរយៈប្រព័ន្ធសម្លាប់មេរោគកម្រិតល្អិតបំផុត។ សព្វថ្ងៃនេះគេមានស្ថានីយចម្រោះទឹកធំៗចំនួន ៥ កន្លែង ហើយអាចនឹងបន្ថែមទៀតនៅពេលខាងមុខ។

• ការរំហួតទឹកសមុទ្រប្រើប្រាស់ (Desalination) គឺជាដំណើរការបូមទឹកសមុទ្រ ដោយច្រោះចេញនូវសារធាតុខនិជ និងអំបិលចេញ ដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធកម្រិតខ្ពស់នៃអូស្មូស ដោយទាញយកតែទឹកសាបប៉ុណ្ណោះ ហើយប្រភពមួយនេះក៏កំពុងតែរីកចម្រើនឡើងខ្លាំងផងដែរ ដោយគេរំពឹងថា អាចបម្រើការប្រើប្រាស់ទឹកបានដល់ ៣០% នៅឆ្នាំ ២០៦០ ចំណែកថាមពលប្រើប្រាស់លើម៉ាស៊ីនទាំងនេះ នឹងកាត់បន្ថយ ៥០% តាមបច្ចេកវិទ្យាថ្មី។

• ការទិញទឹកពីប្រទេសម៉ាឡេស៊ី (Imported Water) ដូចបានរៀបរាប់ខាងដើម នៅក្នុងកិច្ចព្រមព្រៀងទី ២ សិង្ហបុរីទិញទឹកពីទីក្រុង Johor ចំនួន ៩៥០ លានលីត្រក្នុងមួយថ្ងៃ ដូចនេះគឹត្រូវពង្រឹងសហប្រតិបត្តិការល្អជាមួយគ្នា ដោយរក្សាតម្លៃទឹកឲ្យនៅទាបដដែល។ ជាក់ស្ដែងសិង្ហបុរីទិញទឹកទន្លេពីម៉ាឡេស៊ីក្នុងតម្លៃក្រោម ០.០១ ដុល្លារ ក្នុង ១,០០០ ហ្គាឡុន ហើយចម្រោះទឹកនោះស្អាតរួចលក់ទៅឲ្យម៉ាឡេស៊ីវិញក្នុងតម្លៃ ០.១២ ដុល្លារក្នុង ១,០០០ ហ្គាឡុន។ 

៣. ដំណើរឆ្ពោះទៅរកឯករាជ្យភាពនៃប្រភពទឹក

សិង្ហបុរី គ្មានបំណងចង់ផ្អែកស្មារប្រទេសម៉ាឡេស៊ី លើធនធានទឹកសាបនេះឡើយ ហើយការទិញទឹកពីបរទេសក៏មែនជាដំណោះស្រាយសម្រាប់ប្រទេសដែលអភិវឌ្ឍន៍ខ្លាំងដូចសិង្ហបុរីដែរ ដូចនេះថ្ងៃមួយគេនឹងឈានទៅដល់ឯករាជ្យភាពនៃប្រភពទឹកយ៉ាងពេញលេញ។ ត្បិតបច្ចុប្បន្ននេះសិង្ហបុរី ប្រើប្រាស់ធនធានទឹកមួយភាគធំពីម៉ាឡេស៊ីមែន ប៉ុន្តែលោក King Wang Poon នាយកវិទ្យាស្ថានស្រាវជ្រាវ Kuan Yew Center នៅសកលវិទ្យាល័យ Singapore University of Technology and Design បានបញ្ជាក់ថា ដំណើរការពឹងផ្អែកលើប្រភពទឹកក្នុងប្រទេសទាំងស្រុង គឺអាចទៅរួច ប៉ុន្តែមិនមែនពេលនេះឡើយ គេត្រូវបង្កើតនូវបច្ចេកវិទ្យាថ្មីៗដើម្បីទាញទឹកពីធនធានសមុទ្រទៅជាទឹកសាបឲ្យបានកាន់តែច្រើនបំផុត នៅពេលអនាគត។ លោកបន្ដរថា កង្វះខាតទឹកប្រើប្រាស់តែងតែកើនមានឡើងចំពោះប្រទេសក្រីក្រ, ប្រទេសមានការបំពុលទឹក, ប្រទេសដែលមានអំពើពុករលួយច្រើនប៉ុណ្ណោះ ចំណែកសិង្ហបុរីមិនមែននោះទេ បើទោះជាសិង្ហបុរីគ្មានទន្លេរ គេក៏អាចបង្កើតទន្លេរ និងបឹងសិប្បនិមិត្តបាន ហើយណាមួយធនធានសមុទ្រគឺជាអ្វីដែលគេនឹងធ្វើការសិក្សាខ្លាំងបំផុត ដើម្បីទាញប្រយោជន៍បម្លែងទៅជាទឹកសាប។