រោងចក្រផលិតថាមពលអគ្គិសនីធំមួយ ត្រៀមបើកឲ្យដំណើរការចុងខែធ្នូនេះ សម្រាប់ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ដោយសារតែក្រុងព្រះសីហនុ កំពុងមានការអភិវឌ្ឍន៍ខ្ពស់ទាំងសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ កំណើននៃប្រជាជន ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើឲ្យទីរួមខេត្តមួយនេះ មានកង្វះខាតថាមពលអគ្គិសនីគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ ក្រុងព្រះសីហនុ នឹងធូស្បើយឡើងវិញ ព្រោះថា រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្មធំមួយ ត្រៀមនឹងបើកឲ្យដំណើរការជាផ្លូវការ នាចុងខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះហើយ។

យោងតាមប្រភពព័ត៌មានរបស់ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអនុភាពផលិតថាមពល ១៣៥ មេហ្គាវ៉ាត់ គ្រោងបើកសម្ពោធដំណើរការនៅខែធ្នូនេះឯង ដែលនឹងរួមចំនែកយ៉ាងច្រើនទៅដល់តម្រូវការទីផ្សារជាក់ស្ដែង នៃក្រុងព្រះសីហនុ កំពុងត្រូវការថាមពលបន្ថែមទៀត ស្របពេលកំណើនសេដ្ឋកិច្ចកំពុងស្ទុះឡើងខ្លាំង។ ជុំវិញការ បើកដំណើរការរោងចក្រធំមួយនេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបន្ទុកវិស័យថាមពល បានឲ្យដឹងថា រោងចក្រថាមពលនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Energy Holdings ដែលជាគម្រោងទីពីររបស់ក្រុមហ៊ុន ដោយប្រើឈ្មោះ Cambodia Energy Limited II ឬហៅកាត់ថា (CEL II)

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការសាងសង់នៃរោងចក្រអគ្គិសនី CEL II នេះបានបញ្ចប់រួចរាល់ជាស្ថាពរហើយ នូវការបំពាក់ឧបករណ៍បច្ចេកទេស ដំឡើងប្រព័ន្ធគ្រប់គ្រង និងវិភាគកម្រិតថាមពលទូទៅក្នុងរោងចក្រ។ មកទល់ពេលនេះ ការងារសាងសង់ ការងារដំឡើងប្រព័ន្ធគ្រប់គ្រងទូទៅចប់រួចហើយ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងលើបញ្ហាមួយចំនួន។ ការធ្វើតេស្ដសាកល្បងជាបណ្ដោះអាសន្ននេះ ត្រូវបានសន្និដ្ឋានថា អាចនឹងបញ្ចប់ឆាប់ៗ ហើយសម្ភោធដាក់ឲ្យដំណើរការនាសប្ដាហ៍ទី ៣ នៃខែធ្នូនេះតែម្ដង។

គួរបញ្ជាក់ផងដែរថា រោងចក្រផលិតថាមពលអគ្គិសនីរបស់ម៉ាឡេស៊ីនេះ មានទីតាំងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលត្រូវបានវិនិយោគអស់ទឹកប្រាក់ប្រមាណជា ២៥៩ លានដុល្លារ ដែលបានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ២០១៧។ រាល់ថាមពលដែលផលិតបាន នឹងត្រូវទិញបន្តដោយ អគ្គិសនីកម្ពុជា ហៅកាត់ថា (EDC) ដើម្បីលក់ចែកចាយបន្តទៀត។ ហេតុនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្រុងព្រះសីហនុ ក៏ដូចជាទីតាំងជិតឆ្ងាយមួយចំនួន ក្បែរោងចក្រ នឹងលែងខ្វាយខ្វល់អំពីបញ្ហាខ្វះខាតភ្លើង យកមកប្រើប្រាស់ទៀតហើយ។

 

ប្រភព៖ ក្រសួងរ៉ែ និងថាមពល