ផ្សារទំនើបសុវណ្ណាបិទទ្វារ ស្របពេលដែលផ្សារទំនើបនៅទីក្រុងភ្នំពេញកំពុងកើនឡើង!

ផ្សារទំនើបសុវណ្ណា ជាផ្សារទំនើបដែលមានអាយុកាលចាស់ឆ្នាំមួយក្នុងប្រទេសកម្ពុជា ពោលគឺវាត្រូវបានសាងសង់ឡើងបន្ទាប់ពីភាពជោគជ័យនៃផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបធំដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ រយៈពេល ១១ ឆ្នាំមកហើយដែលផ្សារទំនើបសុវណ្ណាបានបើកដំណើរការ គឺនៅឆ្នាំ ២០០៨ ប៉ុន្តែនៅឆ្នាំ ២០១៩ នេះវាត្រូវបានបិទទ្វារទៅវិញ ខណៈទីផ្សារប្រកួតប្រជែងផ្សារទំនើបក្នុងរាជធានីភ្នំពេញកំពុងកើនឡើងយ៉ាងខ្លាំង។ 

ផ្សារទំនើបសុវណ្ណា គឺជាគម្រោងផ្សារទំនើបដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាភាគហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ ហើយលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា និងវិនិយោគទៅលើផ្សារទំនើបសូរិយា, ផ្សារទំនើបសុវណ្ណា, ផ្សារទំនើបរតនាផ្លាហ្សា ដែលសុទ្ធសឹងជាផ្សារទំនើបចាស់ឆ្នាំក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុននេះក៏ទើបតែបានសម្ពោធផ្សារទំនើបអូឡាំព្យាថ្មី ក្នុងឆ្នាំនេះផងដែរ។ 

ផ្សារទំនើបសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលវាត្រូវបានសាងសង់នៅលើទំហំដី ១១,១៨៤ ម៉ែត្រការ៉េ និងមានកម្ពស់ ៥ ជាន់ ដូចនេះទំហំអគារសរុបគឺប្រហែល ៥ ហិចតា។ ផ្សារទំនើបសុវណ្ណា ត្រូវបានបើកដំណើរការនៅឆ្នាំ ២០០៨ រយៈពេល ៥ ប៉ុណ្ណោះក្រោយការបើកដំណើរការផ្សារទំនើបសូរិយា ហើយក៏មានទំហំធំជាងផ្សារសូរិយា ២០% ផងដែរ ប៉ុន្តែដំណើរការផ្សារទំនើបសុវណ្ណានេះ ហាក់មានភាពរប៉ាក់រប៉ើកជាង ជាហេតុធ្វើឲ្យតូបក្នុងផ្សារ និងកន្លែងកម្សាន្ដនៅជាន់ខាងលើជាច្រើនត្រូវបានបិទទ្វារជាបន្ដរបន្ទាប់ រហូតដល់ពេលនេះត្រូវបានបិទទ្វារផ្សារទាំងមូលជាផ្លូវការនៅខែកញ្ញា។

ការបិទទ្វាររបស់ផ្សារទំនើបសុវណ្ណា ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្តែបើតាមការបញ្ជាក់ពីលោកស្រី ជា សុខហៀក នាយិកាប្រតិបត្តិផ្សារទំនើបសុវណ្ណា បានបញ្ជាក់ថា ការបិទទ្វារបណ្ដោះអាសន្ននេះ គឺជាដំណើរការនៃការជួសជុលនិងការអភិវឌ្ឍន៍ឡើងវិញប៉ុណ្ណោះ ដើម្បីឲ្យស្របទៅតាមតម្រូវការប្រកួតប្រជែងទីផ្សារក្នុងពេលបច្ចុប្បន្ននេះ ជាមួយការបោះទុនបន្ថែម និងផ្លាស់ប្ដូររចនាបថថ្មីមួយចំនួន។ តួយ៉ាង ក្រុមហ៊ុន OCIC ធ្លាប់បានបោះទុន ៥ លានដុល្លារក្នុងការជួសជុលផ្សារទំនើបសូរិយាកាលពីឆ្នាំ ២០១៦ និងត្រូវសម្ពោធឡើងវិញនៅឆ្នាំ ២០១៧ ហើយត្រូវបានផ្លាស់ប្ដូរឈ្មោះថ្មីថា Sorya Center Point អញ្ចឹងដែរ។ 

ប៉ុន្តែបើតាមពាក្យចចាមអារាមដែលនិយាយតៗគ្នា ជាពិសេសអាជីវករដែលលក់ដូរក្នុងផ្សារនោះ គេលើកឡើងថា ផ្សារទំនើបសុវណ្ណានេះនឹងត្រូវវិនិយោគឲ្យទៅក្រុមហ៊ុនចិន ដែលអាចនឹងក្លាយទៅជាគម្រោងអភិវឌ្ឍន៍ថ្មី មិនមែនផ្សារទំនើបទៀតនោះទេ ហើយមកដល់ពេលនេះរយៈពេល ៣ ខែហើយគេនៅមិនទាន់ឃើញមានការជួសជុលអ្វីនៅឡើយទេ។ យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់លោកស្រី ជា សុខហៀក ផ្សារទំនើបសុវណ្ណា នឹងដំណើរជាផ្សារទំនើបធម្មតាវិញក្រោយពីជួសជុលរួច ហើយជាន់ខ្លះក៏អាចនឹងត្រូវបើកចេញជាការិយាល័យក្រុមហ៊ុនផ្សេងៗផងដែរទៅតាមស្ថានភាពជាក់ស្តែង។ 

ជាការពិត ផ្សារទំនើបគឺមានភាពប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ ជាក់ស្ដែងផ្សារទំនើបអន្តរជាតិបានហូរចូលមក ធ្វើឲ្យផ្សារទំនើបចាស់ឆ្នាំដូចជាផ្សារទំនើបសូរិយា និងសុវណ្ណានេះត្រូវតាក់តែងប្រែមុខមាត់ថ្មីដើម្បីប្រកួតប្រជែងជាមួយផ្សារទំនើបធំៗដូចជាផ្សារទំនើបអ៊ីអនជាដើម។ ចំណែកឯផ្សារទំនើបដែលកំពុងទទួលប្រជាប្រិយភាពថ្មីៗក្នុងរាជធានីភ្នំពេញមានដូចជា ផ្សារទំនើបអ៊ីអន, ផ្សារទំនើបអូឡាំព្យា, ផ្សារទំនើប MidTown -ល- រីឯផ្សារទំនើបធំៗដែលកំពុងសាងសង់ថ្មីមានដូចជា ផ្សារទំនើប PH Eco Mall, ផ្សារទំនើបជីបម៉ុង, ផ្សារទំនើប Parkson Phnom Penh City, និងគម្រោងផ្សារទំនើបអ៊ីអន ៣ ជាដើម។ ដូចនេះតើការអភិវឌ្ឍន៍ផ្សារទំនើបថ្មីៗទាំងអស់នេះ នឹងអាចប៉ះពាល់ដល់ផ្សារទំនើបចាស់ឆ្នាំដូចជាផ្សារសុវណ្ណានេះដល់កម្រិតណា?